អគ្គសេនាធិការយោធាអ៊ុយក្រែនបាននិយាយថា រុស្ស៊ីត្រូវបង្ខំចិត្ត ដកកងកម្លាំងចេញពីតំបន់ជាយក្រុង កៀវ បន្ទាប់ពីទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងព័ត៌មានថ្មីបំផុតអំពីការប្រយុទ្ធគ្នា អគ្គសេនាធិការបាននិយាយថា កងវរសេនាតូចចំនួនពីរ នៃកងទ័ពរុស្ស៊ីត្រូវបានដកចេញទៅកាន់ប្រទេសបេឡារុស ដោយសារតែអង្គភាពនេះ ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ។
លើសពីនេះទៀត ការធ្វើបច្ចុប្បន្នភាពបានកត់សម្គាល់ថា មានការថយចុះយ៉ាងខ្លាំងនៃចំនួនអង្គភាព ដែលរុស្ស៊ី បញ្ជូនចូលទៅអ៊ុយក្រែន។
នៅក្នុងការវាយតម្លៃថ្មីមួយទៀត ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសនិយាយថា រុស្ស៊ីបានកាត់ផ្តាច់អ៊ុយក្រែន ពីពាណិជ្ជកម្មដែនសមុទ្រអន្តរជាតិ តាមរយៈការបិទផ្លូវរបស់កងទ័ពជើងទឹកនៅឆ្នេរសមុទ្រខ្មៅ។
កាលពីសប្តាហ៍មុន រុស្ស៊ីបាននិយាយថា ខ្លួនគ្រោងនឹងផ្តោតលើការលុកលុយនៅ ភាគខាងកើតប្រទេសអ៊ុយក្រែនវិញ ថ្វីបើចាប់តាំងពីពេលនោះមក មានរបាយការណ៍នៃការវាយប្រហារនៅក្នុងទីក្រុងធំៗជាបន្តក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News9live