តាមរយៈ​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​នៅ​តំបន់ការពារទេសភាព​ខាងជើង​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​និង​ខេត្តសៀមរាប​បាន​និង​កំពុង​ជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការអនុវត្ត​គម្រោង​និរន្តរភាព​ស្រូវ​ដែល​ជា​ផលិត​ស្រូវ​សរីរាង្គ​លក់​ទៅ​ក្រៅប្រទេស និង​ចំណូល​បានមក​ពី​វិស័យ​ទេសចរណ៍ធម្មជាតិ​»​។ នេះ​ជា​ថ្លែង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​សហការ​ដោយ​ក្រសួង​បរិស្ថាន​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០២០​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​គូស​បញ្ជាក់ថា​សត្វ​ខ្សឹប​ជា​សត្វ​កម្រ​និង​ស្ថិត​នៅក្នុង​ប្រភេទ​សត្វ​ស្លាប​ដែល​គ្រោះថ្នាក់​បំផុត​ជិត​ផុត​ពូជ​ពី​លើ​ពិភពលោក​យើង​នេះ​ដែល​ទាមទារ​ជា​ចាំបាច់​ការចូលរួម​ការ​ពារ​និង​អភិរក្ស​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា​ជាពិសេស​ពី​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ដែល​ជា​ទី​ជម្រក​សត្វ​ខ្សឹប​រស់នៅ​ពង​កូន​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បានឱ្យដឹងថា តាមរយៈ​ទិន្នន័យ​ជំរឿន​នៅ​ឆ្នាំ​២០០៧ ប្រភេទ​សត្វ​ខ្សឹប​ដ៏​កម្រ​នេះ មាន​ចំនួន​ប្រមាណ​ជិត ៤០០ ក្បាល​ដែល​ចំនួន​នេះ​ស្មើនឹង​៥៧,១៤​ភាគរយ​នៃ​ចំនួន​សត្វ​ខ្សឹប​សរុប​នៅលើ​ពិភពលោក​។ ក្រៅពី​ប្រទេស​កម្ពុជា សត្វ​ខ្សឹប​មាន​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ស្រីលង្កា​។ ប៉ុន្តែ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​ក៏​បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការ​បន្ត​ធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ខ្សឹប​ដោយយោង​តាម​ទិន្នន័យ​ជំរឿន​នៅ​ឆ្នាំ ២០១៨ កន្លងទៅ សត្វ​ខ្សឹប​ដែល​កំពុង​នៅ​ក្នុង​តំបន់​វាលស្មៅ​លិច​ទឹក​បឹង​ទន្លេសាប នៃ​តំបន់​ការពារ ទេសភាព​ទំនាប​ខាងជើង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​មាន​ចំនួន ១១៧ ក្បាល​ដែល​មាន​ការធ្លាក់ចុះ​ជាង ២០០​ក្បាល​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ​។ ជាមួយគ្នា​នេះ​ឯកឧត្តម រដ្ឋលេខាធិការ​បាន​លើកឡើង​ថា ប្រការ​ដែល​គួរឱ្យ​កត់សម្គាល់​គឺ​ចំនួន​សត្វ​ខ្សឹប​ដែល​បាន​សិក្សា និង​កត់ត្រា​មាន​ស្ថេរភាព​នៅក្នុង​តំបន់ការពារធម្មជាតិ ដែល​មាន​ការអនុវត្ត​ច្បាប់​យ៉ាង​សកម្ម​ហើយ​វា​បាន ធ្លាក់ចុះ​យ៉ាង​គំហុក​នៅក្រៅ​តំបន់​ការពារ និង​នៅតាម​តំបន់​ដែល​សកម្មភាព​អនុវត្ត​ច្បាប់​និង​ការចូលរួម​ពី​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​មាន​កម្រិត​នៅឡើយ​។​

​តាម​ការគូសបញ្ជាក់​ឱ្យដឹង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន មូលហេតុ​នៃ​ការថយចុះ​នៃ​ចំនួន​សត្វ​ខ្សឹប​មាន​ការថយចុះ ដោយសារតែ​ការបាត់បង់​ទីជម្រក ការទន្ទ្រាន​កាន់កាប់​ដី​វាលស្មៅ​ធម្មជាតិ ការបំលែង​ដី​វាលស្មៅ​ធម្មជាតិ​ទៅ​ជា​វាល​ស្រែប្រាំង ការ​បរបាញ់​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់ ការប្រើប្រាស់​ថ្នាំពុល​និង​ផល​ប៉ះពាល់​ពី​កត្តា​ផ្សេងៗ​ទៀត​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន បានឱ្យដឹង​ថា​តំបន់​អភិរក្ស​សត្វ​ខ្សិប​មាន​នៅក្នុង​ភូមិសាស្ត្រខេ​ត្ត​កំពង់ធំ​និង​ខេត្ត​សៀមរាប​ទំហំ ៣១ ១៥៩ ហិកតា​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប​កាលពី​ខែ​ឧសភា ឆ្នាំ ២០១៦ ដើម្បី​រៀបចំ​អភិរក្ស​សត្វ​ខ្សឹប​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។​

​ឯកឧត្តម​បាន​ឱ្យដឹងថា តំបន់ការពារទេសភាព​ខាងជើង​បឹង​ទន្លេសាប​គឺជា​ទីជម្រក​តែមួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​កំពុង​មាន​វត្តមាន​សត្វ​ខ្សឹប​ដ៏​កម្រ​របស់​ពិភពលោក​នេះ និង​មាន​ប្រភេទ​សត្វ​ស្លាប​ផ្សេង​ទៀត​ចំនួន​ជាង ២១៧ ប្រភេទ រួម​ទាំង​ប្រភេទ​ជិត​ផុត​ពូជ​មួយ​ចំនួន​ដូចជា​ត្រ​យ៉ង​ចង្កំ​កស អង្កត់​ខ្មៅ និង​ក្រៀល​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងថា នៅក្នុង​ការការពារ​អភិរក្ស​តំបន់​សត្វ​ខ្សឹប​រស់នៅ​នេះ កម្លាំង​មន្ត្រី​ឧទ្យានុ​រក្សចំនួន ៨ នាក់​ចុះ​ល្បាត​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ការពារ​តំបន់​ពង​កូន និង​ជម្រក​សត្វ​ខ្សឹប ព្រមទាំង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​ដែល​ប៉ះពាល់​ដល់​ជម្រក​សត្វ​ខ្សឹប​។ ឯកឧត្តម​ឱ្យ​ដឹងថា តំបន់ការពារទេសភាព​ខាងជើង​បឹង​ទន្លេសាប​មាន​សារៈសំខាន់​សម្រាប់​សត្វ​ខ្សឹប​ដែល​ធ្វើ​ការបន្ត​ពូជ​នៅ​រដូវប្រាំង និង​តំបន់​ភាគ​ខាងជើង​ក្នុង​តំបន់​ព្រៃរបោះ​ជា​កន្លែង​សម្រាប់​សត្វ​ខ្សឹប​ស្នាក់នៅ​ក្នុង​រដូវវស្សា​ដែល​បច្ចុប្បន្ន​ប្រឈម​នឹង​ការ​លួច​កាប់​បំផ្លាញ​ធ្វើ​អុស និង​ការទន្ទ្រាន​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ចុះ​ពិនិត្យ​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​នេះ​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ WCS ដែល​បាន​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​ខ្សឹប​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ផ្សាភ្ជាប់​រវាង​ការជំរុញ​និង​គាំទ្រ​លើ​ការបង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើត​មុខរបរ បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជា​សហគមន៍​តាម​រយៈ​ការផលិត​ស្រូវ​សរីរាង្គ​ដែល​លក់បាន​តម្លៃ​ខ្ពស់ និង​ទេសចរណ៍ធម្មជាតិ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​សត្វ​ខ្សឹប​ដ៏​កម្រ​របស់​ពិភពលោក​នេះ​។​នៅ​ចំពោះមុខ​ប្រជា​សហគមន៍​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​សហការ​ចូលរួម​អភិរក្ស​សត្វ​ខ្សឹប និង​បាន​អនុវត្ត​គម្រោង​ស្រូវ​និរន្តរភាព​ប្រកប​ដោយ​ភាពជោគជ័យ​។​

​ឯកឧត្តម​បាន​ជំរុញ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ការពារ​សត្វ​ខ្សឹប​ដែល​ជា​សត្វ​កម្រ​របស់​ពិភពលោក​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។​

​អង្គការ WCS បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ចំនួន ៥០០ គ្រួសារ​បាន​និង​កំពុង​អនុវត្ត​គម្រោង​កម្មវិធី​និរន្តរភាព​ស្រូវ​ដែល​គម្រោង​បាន​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ខ្ពស់​ដើម្បី​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ចូលរួម​អភិរក្ស​សត្វ​ខ្សឹប​។​

​កម្មវិធី​នេះ​មាន​សារសំខាន់​ព្រោះ​ប្រជាពលរដ្ឋ​ទទួលបាន​ពូជស្រូវ​មាន​គុណភាព​ល្អ​ពី​គម្រោង​ដោយ​មិន​គិត​ការប្រាក់​ដូច​ជា​ពួកគាត់​ត​រូ​វ​គោរព​លក្ខខណ្ឌ​មួយចំនួន​ដូចជា មិន​ទន្ទ្រាន​ដីធ្លី មិន​ប្រើ​ជីគីមី និង​មិន​បរបាញ់​សត្វព្រៃ​គ្រប់​ប្រភេទ​ជាដើម​។ ប្រជា​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ​បាន​ទទួល​ថវិកា​បន្ថែម​ពី ភ្ញៀវទេសចរ​ក្នុង​ទឹកប្រាក់​ប្រមាណ ៨​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​សម្រាប់​អភិវឌ្ឍ​ភូមិ​ឃុំ​។​ចំណែក​ប្រជាពលរដ្ឋ​ដែល​ចូលរួម​យាម​ពង​សត្វ​ខ្សឹប​អាច​ទទួលបាន​ថវិកា ១៦​ម៉ឺន​រៀល​ក្នុង​មួយ​សំបុក​៕ ប្រភព AKP