ខេត្ត​បន្ទាយមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​បន្ទាយមានជ័យ និង ឯកឧត្តម សុខ ភាព រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង ជា​អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​គឺ ប្រកាស​តែងតាំង​លោក ស្វាយ ជា ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ម៉ាឡៃ និង​លោក សុខ ពេញ​ណន ជា​អភិបាលរង​ស្រុក​ម៉ាឡៃ ។​

​បន្ទាប់ពី​លោក វ៉ន វណ្ណា នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​បន្ទាយមានជ័យ អាន​អនុក្រឹត្យ និង​ប្រកាស

​លោក ស្វាយ ជា អភិបាលស្រុក​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី បាន​ប្តេជ្ញាចិត្ត​ដូចតទៅ​៖
១-​ប្តេជ្ញា អនុវត្ត​ឱ្យបាន​ល្អ​ប្រសើរ នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
២-​ប្តេជ្ញា​អនុវត្ត​ឱ្យបាន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ដែល​មាន​អភិបាល កិច្ច​ល្អជា​ស្នូល​។​
៣-​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ គោលនយោបាយ និង​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា​របស់​រាជ រដ្ឋាភិបាល​។​
៤-​រឹតចំណង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​មិន​បង្ករ​ភាព​អសកម្ម​ផ្សេងៗ​
៥-​បង្កើន​ការរៀនសូត្រ​ស្រាវជ្រាវ​រាល់​គន្លឹះ​អំពី​របៀបរបប​ធ្វើ​ការងារ​ប្រចាំថ្ងៃ​របស់​ខ្លួន​។​
៦-​ខិតខំ​ថែរក្សា ការពារ និង​ពង្រឹង​ពង្រីក​ស្មារតី​សាមគ្គីភាព ទំនាក់ទំនង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​លោក លោកស្រី អភិបាលរង​នៃ​គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ​នៅ​គ្រប់​អង្គភាព​ជុំវិញ​ស្រុក កងកម្លាំងប្រដាប់អាវុធ និង​បណ្តា​អាជ្ញាធរ​ឃុំ​ទាំងអស់​ទូទាំង​ស្រុក ដើម្បី​ផ្សារភ្ជាប់​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​តាម​គោល ការណ៍​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ជុំវិញ​ការខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ដែល​ខិតខំ​ប្រឹងប្រែង លះបង់​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន ពិសេស​ក្នុង​យុទ្ធនាការ​រួម ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​។ ឯកឧត្តម​បាន​បន្ថែមថា តួនាទី​ដែល​ផ្ដល់ជូន​នា​ពេល​នេះ គឺជា​អំ​រែក ការទទួលខុសត្រូវ​ក្នុងនាម​ជា​អភិបាល អភិបាលរង ដូច្នេះ​ហើយ​ត្រូវ​យក​តួនាទី​នេះ ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ ដើម្បី​ជា​ប្រយោជន៍ និង​ផ្តល់​ភាពកក់ក្តៅ ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បម្រើ​រាស្ត្រ និង​អនុវត្ត​ច្បាប់ ដោយ​ផ្សារភ្ជាប់​សុខទុក្ខ ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។​

​ជាងនេះទៅទៀត ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការងារ ដោយ​បង្កើន​ចំណង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ត្រូវ​គោរព​វិន័យ​ការងារ តួនាទី ភារកិច្ច លក្ខខណ្ឌ​ការងារ​ដែល​បាន​បែងចែក ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​បន្ត​ពង្រឹង ការអភិវឌ្ឍន៍​សមត្ថ​ភាព​របស់​ខ្លួន ឱ្យ​សាក​សមជា​អ្នក​បន្តវេន​ដ៏​ល្អ និង​ឱ្យ​សមស្រប​ទៅនឹង​សម្ភារៈ​បច្ចេកទេស ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន ក្នុង​យុគសម័យ​បច្ចុប្បន្ន​។

​ឯកឧត្តម អ៊ុំ រាត្រី ក៏​បាន​ណែនាំ​ដល់​មន្ត្រីរាជការ​រដ្ឋបាល​ស្រុក និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ផែនការ​ដែល​ថ្នាក់ដឹនាំ​បាន​ដាក់ចុះ​និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ «៣​កុំ​, ៣​ការពារ​» របស់​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ពិសេស​មេរោគ​បម្លែង​ថ្មី​ដែលតា (Delta)​សូម​ពុក​ម៉ែ បងប្អូន​ទាំងអស់​រក្សា​នូវ​វិធានការ​(៣​កុំ ៣​ការពារ​) ផងដែរ​៕