ភ្នំពេញ​៖ នៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​ក្លាយទៅជា​កន្លែង​អាជីវកម្ម​អេតចាយ យ៉ាង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​តែងតែ​មើលរំលង​។​

​ប្រជាពលរដ្ឋ​មាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ភាព​អសកម្ម​របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ដែល​តែងតែ​មើលរំលង​នូវ​ករណី​នេះ ព្រោះ​ជា​ហេតុ​បណ្តាល​ឲ្យ​អ្នកធ្វើអាជីវកម្ម​អេតចាយ​ទាំងនោះ ច្រក​ដប ច្រក​កំប៉ុង ស្បោង​ប្លា​ស្ទិក ដាក់​តាម​ដងផ្លូវ​សាធារណៈ ពាសវាល​ពាសកាល ដែល​នាំឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ យ៉ាងធ្ងន់ធ្ងរ​។​

ប្រជាពលរដ្ឋ​ជាច្រើន​បាន​បន្តទៀតថា​៖ ពេល​ធ្វើដំណើរ​ឆ្លងកាត់​តាម​តំបន់​នេះ​ម្តងៗ មាន​ជះ​ក្លិនស្អុយ ដោយសារ​តែ​កន្លែង​នេះ មើល​ទៅ​ហាក់បីដូច​ជា​កន្លែង​ដាក់​សំរាម​ទៅ​ហើ​យ ជា​ពិសេស​ទៀត​នោះ ពេល​មាន​ភ្លៀង​ធ្លាក់​ឬ​ខ្យល់​ខ្លាំង​ម្តងៗ សំរាម​ដែរ​ធ្លាយ​ចេញ​ពី​ទីកន្លែង​នេះ​បាន​ហោះ​រសាត់អណ្តែត​ពេញ​មេឃ ហើយ​បង្ក​ឲ្យមាន​សំរាម​រាយពាយ​នៅតាម​បណ្តោយ​ផ្លូវ និង​អាច​បង្ក​ការកកស្ទះ​ដល់ លូ បង្ហូ​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​។​

ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​សុំ​សំណូមពរ​ដល់​លោកស្រី គឹម ញឹប អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ និង​លោក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ មេត្តា​ចាត់​ជំនាញ​ពាក់ព័ន្ធ ចុះ​កែលម្អ ទីតាំង​ខាងលើនេះ​ផង​ទាន ដើម្បី​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​៕