ភ្នំពេញ​ ៖​ នា​រសៀល​ថ្ងៃ អាទិត្យ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១ ​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់ ក្រសួង​សុខាភិបាល គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង សាលា​រាជធានី​ភ្នំពេញ និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បាន​គ្រប់ៗ​គ្នា​ ។​

​ការចេញ​សារ​អំពាវនាវ​របស់​សម្តេច បាន​ធ្វើឡើង​ក្នុង​ការឆ្លើយតប​ទៅនឹង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​បាន​សាកសួរ​រក​ទីតាំង​ចាក់​វ៉ាក់សាំង​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​សម្តេច​តេជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​គេ​កំពុង​ចាក់​រាល់ថ្ងៃ​តាម​មន្ទីរពេទ្យ​រដ្ឋ​សម្រាប់​បងប្អូន​ដែល​មិនទាន់​បាន​ចាក់​។ សាកសួរ​គេ​ទៅ​ដឹង​ហើយ​។ សូមឱ្យ​ក្រសួង​សុខាភិបាល គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង សាលា​រាជធានី​ភ្នំពេញ និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បាន​គ្រប់ៗ​គ្នា​» ។​

​សូមបញ្ជាក់​ថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ពេល​ថ្មីៗ​នេះ បាន​បើក​កន្លែង​ចាក់​វ៉ាក់សាំង​ចំនួន​៣​កន្លែង សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​បាន​ចាក់​។ ទីតាំង​ទាំង​៣​នោះ​រួមមាន មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង មជ្ឈមណ្ឌល​គាំពារ​សុខភាព​មាតា និង​ទារក និង​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ ។​

​នេះ​ជា​ការបើកឱកាស​លើក​ទី​២​ហើយ ជូន​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ក្នុង​ព្រឹត្តិការណ៍​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​តាំងពី​ខែ​ឧសភា​មក​នោះ​៕