នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ របស់​ក្រុមហ៊ុន​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន ៣​លាន​ដូស​បន្ថែមទៀត ដែល​ជា​ការបញ្ជាទិញរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដឹក​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា​យើង​ទៀត​ហើយ​។

​វ៉ាក់សាំង​នេះ​នឹង​រួមចំណែក​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​សម្រេច​នូវ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក៏ដូចជា​កុមារ​និង​យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ​ទៅ​ក្រោម​១៨​ឆ្នាំ​ដែល​កំពុង​ដំណើរការ​ចាក់​ជូន​ជា​រៀង​រាល់​ថ្ងៃនេះ​។​វ៉ាក់សាំង គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​លើ​ពិភពលោក បន្ថែម​ពីលើ​វិធានការ​ការពារ​ផ្សេងៗ​។

​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​នោះ បាន​ដាក់ចេញ​ផែនការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​នេះ​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្វះស្វែង​គ្រប់​លទ្ធភាព ក្នុង​ការរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​។ មកដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជារ​ក​បាន​វ៉ាក់សាំង​ប្រមាណ​ជា ២០​លាន​ដូស​រួចហើយ​។

​ក្នុងនោះ​មាន​ទាំង​ការផ្តល់​ជំនួយ និង​ការបញ្ជាទិញ​។​តាមរយៈ​វ៉ាក់សាំង​ទាំងនេះ បាន​ជួយ​ឱ្យ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង បាន​ចំនួន​ជាង ៨​លាន​នាក់​ហើយ​។ ដោយឡែក​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ បាន​ចំនួន​ជាង ៣៥​ម៉ឺន​នាក់​ផងដែរ​។

​កម្ពុជា មិន​ត្រឹមតែ​ជា​ប្រទេស​ដែល​ឈានមុខ​នៅក្នុង​តំបន់​លើ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ពេញវ័យ និង​មនុស្ស​វ័យក្មេង​ប៉ុណ្ណោះ​ទេ​។

​ពេល​នេះ​កម្ពុជា បាន​បោះជំហាន​ទៅ​ចាក់​វ៉ាក់សាំង​ដូសទី​៣ ជូន​អ្នកប្រតិបត្តិ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ នៅ​ជួរ​មុខ ក៏​ដូច​ជា​ជន​អាទិភាព​តាម​ក្រសួង​ស្ថាប័ន​នានា​ផងដែរ​៕​សហការី​