ភ្នំពេញ ៖ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ យោងតាម​ផេខហ្វេសប៊ុកផ្លូវរបស់សម្តេច ស​ម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទីបំផុត​លទ្ធផល​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​១៩ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​អ្នក​នៅ​ជុំវិញ​សម្តេច​ទាំងអស់ ​គឺ «​អវិជ្ជមាន​» ដដែល ។

សម្តេច​តេជោ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជា​លើក​ទី​៣​។ ជា​លទ្ធផល​ទាំង​ខ្ញុំ និង​ភរិយា ក៏​ដូច​ជា​បងប្អូន​នៅ​ជុំវិញ​គឺ​អវិជ្ជ​មាន​កូវី​ដ​-១៩​ទាំងអស់​»​។​

សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់បន្ថែម​ថា​៖ «​ខ្ញុំ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បងប្អូន​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ហើយ​សង្ឃឹម​ថា​លទ្ធផល​នឹង​អវិជ្ជមាន​ទាំងអស់គ្នា​។ ទោះយ៉ាងណា​ក៏ដោយ ខ្ញុំ​នឹង​បន្ត​ធ្វើ​ចត្តា​ឡីស័​ករហូ​តដល់​ថ្ងៃ​ទី​១៨ វិច្ឆិកា ដែល​នឹង​ត្រូវ​ធ្វើ​តេស្ត​លើក​ទី​៤ និង​ជា​លើកចុងក្រោយ ដែល​ខ្ញុំ​សង្ឃឹមថា នឹង​មាន​លទ្ធផល​អវិជ្ជមាន​ទាំង​ខ្ញុំ និង​ភរិយា ព្រមទាំង​បងប្អូន​ប្រមាណ​ជាង​១០០០​នាក់ ដែល​ធ្វើ​ចត្តា​ឡីស័​កក្នុងពេល​ជាមួយ​គ្នា​ពី​ថ្ងៃទី​៤ វិច្ឆិកា​២០២០ ដែល​នឹង​ធ្វើឱយ​ការព្រួយបារម្ភ​អំពី​កូវី​ដ​-១៩ ត្រូវបាន​កាត់បន្ថយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ដែល​នឹង​អាចឈាន​ទៅ​បើក​សាលារៀន​ឡើងវិញ សម្រាប់​ការសិក្សា​របស់​កូនចៅ​យើង​»​។​

សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែងអំណរគុណ​ចំពោះ​ជនរួមជាតិ​ទាំងអស់ ដែល​បារម្ភ​អំពី​សុខភាព និង​ជូនពរ​ដល់​សម្តេច និង​ភរិយា​។​

សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន ព្រមទាំង​រដ្ឋមន្ត្រី និង​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» បាន​ធ្វើតេស្ត​រក​ជំងឺ​កូវី​ដ​១៩ ជា​លើក​ទី​៣ ដើម្បី​ឱ្យ​មាន​ភាពច្បាស់លាស់​ថា​មាន​ឆ្លង ឬ​មិន​ឆ្លង​ជំងឺ​កូវី​ដ​១៩​។ ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវី​ដ​១៩​នេះ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នោះ​។ ដោយឡែក​សម្រាប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត ត្រូវបាន​ធ្វើតេស្ត​នៅតាម​ទីតាំង​ធ្វើ​ចត្តា​ឡីស័​កនៅ​គេហដ្ឋាន​៕