(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​សារ​នៅលើ Facebook ផ្លូវការ​របស់​សម្តេច​ចូលរួម អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​។​

ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា ត្រូវ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង ស្រប​ជាមួយនឹង​ខួប​៦៧​ឆ្នាំ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា បាន​រំលឹក​ឲ្យឃើញ​ពី​ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕