(​ភ្នំពេញ​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ជាមួយ ឯកឧត្តម ហោ ណាំហុង និង​លោកជំទាវ លោកជំទាវ អា​នី សុខ​អាន ព្រមទាំង​ក្រុមគ្រួសារ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ក្នុង​រាជរដ្ឋាភិបាល មន្ត្រីរាជការ និង​ពិទ្ធបរិស័ទ​ចំណុះជើង​វត្ត បាន​ដង្ហែរ​អង្គ​កឋិនទាន​ចូល​មក​កាន់​វត្ត​ទួល​សុ​វណ្ណា​រាម ហៅ​វត្ត​ទួល​សង្កែ​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខ័ណ្ឌឬ​ស្សី​កែវ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ២​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​។​

​អង្គ​កឋិនទាន​សាមគ្គី ដែល​រៀបចំ​នា​ពេល​នេះ ក្នុង​គោលបំណង​នាំយក​នូវ​បច្ច័យ ស្បង់​ជី​វ័រ វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត វត្ត​ទួល​សុ​វណ្ណា​រាម ហៅ​វត្ត​ទួល​សង្កែ ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមទ្ធិ​ផល​នានា​នៅក្នុង​វត្ត​៕