(​ភ្នំពេញ​) ÷​នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២០ លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​÷​យើង​មិន​អាច​បន្ត​អនុញ្ញាត​ឱ្យ​អ្នក​យក​សម្រាម​ធ្វើជា​ចំណាប់ខ្មាំង​ដើម្បី​តថ្លៃ​លើ​ការទាមទារ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។

​រដ្ឋបាល​រាជធានី​បាន​ព្យាយាម​សម្របសម្រួល ពន្យល់​ណែនាំ​គ្រប់​ទិដ្ឋភាព រួម​ទាំង​ទិដ្ឋភាព​ច្បាប់​ការងារ ដល់​បងប្អូន​កម្មករ​ប្រមូល​សម្រាម​ដែល​កំពុង​ទាមទារ​លក្ខខណ្ឌ​មិន​សមស្រប​មួយ​ចំនួន​។

​ប៉ុន្តែ​ទោះ​ឈរ​លើ​ស្មារតី​យោគយល់​ចំពោះ​អាកប្បកិរិយា​រឹងរូស​ទាំងនេះ​ក៏​ដោយ ក៏​ស្ថានភាព​មិន​អំណោយផល​ដល់​ការបន្ត​រង់ចាំ ហើយ​ជម្រើស​នៃ​ការប្រើ​កម្លាំង​ពលកម្ម​ថ្មី ត្រូវតែ​បង្ខំចិត្ត​អនុវត្ត ដើម្បី​កែប្រែ​ស្ថានការណ៍​នៃ​ការ​សំអាត​ទីក្រុង​ឡើងវិញ​។

​សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​កម្មករ​ប្រមូល​សម្រាម​ដែល​កំពុង​ធ្វើ​កូដកម្ម សូម​ភ្ញាក់រលឹក និង​បញ្ឈប់​សកម្មភាព​ទាមទារ​ខុសច្បាប់​ការងារ​។ ជឿជាក់ថា បងប្អូន​នឹង​វិលត្រឡប់​មក​ធ្វើ​ការបំពេញ​តួនាទី​រៀងៗ​ខ្លួន​ឡើងវិញ ដើម្បី “​ទីក្រុង​យើង​ទាំងអស់គ្នា​ស្អាត​” ។

​ពិតជា​ត្រូវ​បន្ថែម​បន្ទុក​ដល់​បងៗ​ប្រជា​ការពារ និង​អាជ្ញាធរ​ភូមិ សង្កាត់ ខណ្ឌ គ្រប់​ជាន់ថ្នាក់​ដែល​កំពុង​ដុតដៃដុតជើង​ប្រមូល​កើប​ក្នុង​អន្តរកាល​មួយ​នេះ និង​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​។

​សូម​អរគុណ​ដល់​ការយោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក្នុងស្ថានភាព​ដែល​កំពុង​ដោះស្រាយ​នេះ​។​