រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានរៀបរាប់លើហ្វេសប៊ុកថា ពីរថ្ងៃមុនពេលខ្ញុំបង្ហោះព័ត៌មាន ស្តីពីបាតុកម្មដោយយុវជនមួយចំនួននៅបាងកក ក៏មានអ្នកចូលមើល ហើយក៏មានអ្នកបញ្ចេញមតិ ។ ក្នុងនោះ ក៏មានក្រុមដែលតែងបង្អាប់ស្រុក លើកសរសើរថៃ និយាយងាកមកបង្អាប់ខ្មែរថា មិនដូចគេ ហើយក៏មានក្រុមតបតទៅវិញ។
អ្វីដែលខ្ញុំពេញចិត្តគឺឃើញយុវជនម្នាក់ (ខ្ញុំមិននិយាយឈ្មោះ ដើម្បីកុំអោយយករឿងនេះជាមូលបទជេរបញ្ចោរគ្នា) បាននិយាយថា «បើអញ្ចឹងម៉េចមិនទៅនៅថៃទៅ !»។
ខ្ញុំពេញចិត្តព្រោះឃើញយុវជនខ្មែរម្នាក់មានមោទនភាពជាខ្មែរ។
កាលពីទសវត្សរ៍៧០និង៨០ពេលខ្មែរហែកហួរគ្នា កាលណាមានរឿងអី អ្នកជិតខាងយើងខ្លះដៀលគ្នាថា «រញីរញ៉ៃដូចខ្មែរ» ខ្លះដៀលកូនចៅមិនស្តាប់ដំបូន្មានថា «អ្ហែងជាតិក្រោយអោយកើតជាខ្មែរទៅ !» ។ អ្នកកើតក្រោយ៩០ មិនស្គាល់ភាពអាម៉ាស ពេលដែលទៅក្រៅប្រទេសយើងនិយាយថា យើងមកពីខ្មែរគេមើលយើងដូចយើងមកពីភពផ្សេងមិនស្គាល់ភាពឈឺចាប់ខំធ្វើការដើម្បីជាតិរស់គេមើលយើងដូចខ្ញុំបរទេសរហូតស្ទើរតែមិនចង់ប្រាប់គេថាយើងជាខ្មែរ។
សំដីប្អូនម្នាក់ដែលនិយាយខាងលើនេះ បានបង្ហាញថា យុវជនខ្មែរចេះមានមោទនភាពថាខ្លួនជាខ្មែរហើយ ថ្វីបើយើងនៅតែមានមនុស្សតិចតួច លើកបរទេសដាក់លើក្បាលក៏ដោយ ៕