​នា​ព្រឹក​ថ្ងៃ​សុក្រ​៩ រោច​ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា ដែល​ចប់​អាណត្តិ​បេសកកម្ម​ការទូត នៅ​វិមាន​សន្តិភាព​។​

​ក្នុងជំនួប​នោះ លោកជំទាវ Manika Jain បាន​គោរព​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ លោកជំទាវ​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩​បាន​យ៉ាង​ល្អប្រសើរ ដែល​រហូត​មកដល់​ថ្ងៃនេះ អ្នកជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា​បាន​ជាសះស្បើយ​ទាំងស្រុង ជាមួយគ្នានេះ​ផង​ដែរ​លោកជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់​
​និង​ប្រជាជន​កម្ពុជា​ដែល​កន្លងមក​បាន​ផ្ដល់​នូវ​ការគាំទ្រ​ដល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ធ្វើឱ្យ​បេសកកម្ម​កា​ទូត​របស់​លោកជំទាវ​នៅ​កម្ពុជា​នា​ពេល​នេះ​ជាង​២​ឆ្នាំ​កន្លងមកនេះ ទទួល​នូវ​ភាពជោគជ័យ​ត្រចះត្រចង់ ក្នុងនោះ​រួម​ទាំង​មាន​ការអញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​តេជោ​ទៅកាន់​ប្រទេស​ឥណ្ឌា​ផង ហើយ​ជាមួយគ្នា​នោះ ក៏មាន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ថ្នាក់ដឹកនាំ​កម្ពុជា​មួយចំនួន​ទៀត បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ​។

​លើសពីនេះទៅទៀត ក៏​មាន​ការធ្វើ​ដំណើរ​ម​ក​ប្រទេស​កម្ពុជា​របស់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​ផងដែរ ដែល​សកម្មភាព​ទាំងអស់​នេះ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កាន់តែ​រីក​ដុះដាល​ប្រសើរឡើង​ជា​លំដាប់​។

​លោកជំទាវ​បាន​បន្តទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​នី​មួយៗ​មាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ កិច្ច​ព្រមព្រៀង​លើ​ការអភិវឌ្ឍ​គម្រោង​ផ្សេងៗ​ផងដែរ ដែល​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ល្អ​បន្ថែមទៀត​។​

​ជា​សាក្ខីភាព​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ជា​លំដាប់ ក្នុងន័យ​នេះ​ដែរ​លោកជំទាវ​ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា តាម​អ្វី​ដែល​លោកជំទាវ​បានកត់សម្គាល់ គឺ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លះ​នេះ កម្ពុជា និង​ឥណ្ឌា​បានធ្វើ​សហប្រតិបត្តិការ​រវាង​គ្នា និង​គ្នា​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ Manika Jain និង​សហការី​ទាំងអស់​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការពង្រីក ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្ដេច​សម្គាល់​ឃើញ​ដូច​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ដែរ​ថា កម្ពុជា និង​ឥណ្ឌា​មាន​កិច្ចសហប្រតិបត្តិការ​ស្ទើតែ​គ្រប់​វិស័យ​ទៅហើយ ហើយ​វិស័យ​នី​មួយៗ​សុទ្ធ​តែ​វិស័យ​សំខាន់ៗ​ក្នុង​ការជំរុញ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោ​បន្តថា អ្វី​ដែល​ជា​ការងារ​បន្ត​សម្ដេច​តេជោ​បាន​ជម្រាប​ជូន​លោក​ជំទាវ​ថា យើង​គប្បី​ណា​លើកកម្ពស់​អនុស្សារណៈ​ដែល​យើង​បាន​ចុះហត្ថលេខា​រួចមក ឱ្យទៅ​ជា​កិច្ចព្រមព្រៀង ហើយ​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចុះ​ជាមួយ​គ្នា​គប្បី​ណា​ជំរុញ​ការអនុវត្ត ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការ​ជោគជ័យ​លើ​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ ។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា អ្វី​ដែល​យើង​បាន​ចុះហត្ថលេខា​យើង​គប្បី​ណា​ពិនិត្យមើល​បន្ថែមទៀត​ក្នុង​ការពង្រឹង​តួនាទី សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត ដើម្បី​ទៅ​ពង្រីក​វិសាលភាព​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស និង​ប្រទេស​ឲ្យ​កាន់តែ​រឹងមាំ​ថែម​មួយកម្រិត​ទៀត​។ ជាទី​បញ្ចប់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ដល់​លោកជំទាវ សូម​ជូនពរ​ឱ្យ​បេសកកម្ម​កា​ទូត​របស់​លោកជំទាវ ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕