ក្រុង​តាខ្មៅ​៖ ថ្ងៃ​ចន្ទ ៥​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​មេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន ពលទាហាន​នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ក្នុងឱកាស​អបអរសាទ​រ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី ជាតិខ្មែរ ។​

​កម្មវិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេ​បញ្ជា ការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ព្រមទាំង​មេ​បញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល សរុប​ប្រមាណ​៣៥០០​នាក់​។​

​ថ្លែង​ទៅ​អង្គពិធី​ទាំងមូល ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​រក្សាបាន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ដែល កំណើន​នេះ​ជា​កត្ដា​ជំរុញ​ឱ្យមាន​កំណើន​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែច្រើន ប្រែក្លាយ​ពី​ផ្លូវ​ដី​ទៅ​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង មាន​ទីផ្សា​រលក់​ផលិតផល មាន​ភ្ញៀវ​ទេសចរណ៍ មាន​វិនិយោគិន​បង្កើត ការងារ​ធ្វើ​ជូន ប្រជាជន និង​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​បាន​គ្រប់​ទីកន្លែង​ប្រកប​ដោយ​សន្តិសុខ និង​សុវត្ថិភាព​។​

​លើសពីនេះ​ទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​នាំមក​នូវ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញលេញ ជូន​ជាតិ​មាតុភូមិ ព្រមទាំង​បាន​អភិវឌ្ឍ​ប្រទេស​ពី​បាតដៃ​ទទេរ រហូតដល់​មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស តួ​យ៉ាង​ផ្លូវ និង ស្ពាន​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​នាំយក​សម្ភារ​បរិក្ខារ​ចាំបាច់ និង​គ្រឿងឧបភោគ​បរិភោគ រួមមាន​៖ ទឹកស៊ីអ៊ីវ​ចំនួន​៥០០​យួរ ទឹកត្រី​ចំនួន​៥០០​យួរ ទឹក​សុទ្ធ​កម្ពុជា​ចំនួន​១០០០​កេស មី​ជាតិ​ចំនួន ១០០០​កេស ត្រីខ​ចំនួន​១០០​កេស អង្ករ​ចំនួន​១០​តោន និង​ថវិកា​មួយចំនួន​ចែកជូន​ដល់​បងប្អូន​ជា នាយទាហាន នាយទាហានរង ពលទាហាន និង​បញ្ជាការដ្ឋាន ព្រមទាំង​បាន​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្ដិ សិទ្ធិ​ក្នុង​លោក​តាម​ជួយ​បីបាច់​ថែរក្សា​ឱ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន ដើម្បី​ចូលរួម​អនុវត្ត​គោល​ន​យោ បាយ​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​ថែម​ទៀត​។​

​ជាទី​បញ្ចប់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​នាយ ទាហាន ពលទាហាន ទាំងអស់ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋ ធម្មនុញ្ញ ការពារ​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញ​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​៕