​នៅ​រសៀល ថ្ងៃ​សៅរ៍ ១​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​កំពូលៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បន្ទាប់​ពី​ទ្រង់​បាន​យាង ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅនេះ​។

​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕