យោង​តាម​ផេខរ​បស់​ក្រសួង​សាធារណកា​រ និង​ដឹកជញ្ជូន​បានអោយដឹងថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ ៥ មាន​ប្រវែង​សរុប​ចំនួន ៣៦៦ គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ សម្រេច​បាន​ប្រមាណ ៤២,៩៩% ហើយ គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២០ ។​

​គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា បី​ផ្នែក​ធំៗ​រួមមាន​៖ ផ្នែក​ខាងជើង​(​បាត់ដំបង​-​សិរីសោភ័ណ​) មាន​ប្រវែង​សរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែក​កណ្តាល​(​ធ្លា​ម្អម​-​បាត់ដំបង​) មាន​ប្រវែង​សរុប ១៤៦,០៤​គីឡូម៉ែត្រ និង​ផ្នែក​ភាគខាងត្បូង​(​ព្រែក​ក្តាម ខេត្ត​កណ្តាល​-​ធ្លា​ម្អម ខេត្ត​ពោធិ៍សាត់​) មាន​ប្រវែង​សរុប ១៣៥,២៤​គីឡូម៉ែត្រ ដោយ​មាន​ការពង្រីក​កំណាត់​ផ្លូវជាតិ​មាន​ស្រាប់​ពី​២​គន្លង​ទៅ​៤​គន្លង ទទឹង​២៣​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ (AC) និង​មាន​សួនច្បារ​ចំ​កណ្តាល​។​

​សូម​បញ្ជាក់​ដែរ​ថា កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការដឹកជញ្ជូន​នៅក្នុង​ស្រុក ក៏ដូចជា​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​មហា​អនុ​តំបន់​មេគង្គ ហើយ​ក៏​ត្រូវបាន​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​អាស៊ាន​ហាយវ៉េ​លេខ ១(Asean Highway 1) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ ៕