ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខា និងលោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញសួរសុខទុក្ខ និងនាំថវិការបស់សមាគមន៍ ជូនគ្រួសារសពដែលប្ដីបានសម្លាប់ខ្លួនឯង និងកូនស្រី ចំនួន ៣នាក់ កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ នៅក្នុងផ្ទះជួល១កន្លែង ស្ថិតនៅរាជធានីភ្នំពេញ នៅគេហដ្ឋានសព នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។
ស្ថិតក្នុងឱកាសនោះ លោកជំទាវ បានសម្ដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំ ជាមួយនិងក្រុមគ្រួសារសព ចំពោះការបាត់បង់សមាជិកគ្រួសារមាន ៖ ប្ដី និងកូនៗ ជាទីស្រឡាញ់របស់ខ្លួន យ៉ាងអាឡោះអាល័យបំផុត ។ លោកជំទាវ មានប្រសាសន៍ថា បន្ទាប់ពីទទួលដំណឹង គួរឲ្យរន្ធត់ និងសោកសង្រេងនេះ លោកជំទាវ និងថ្នាក់ដឹកនាំ ព្រមទាំង សហការី នៃសាខាសមាគមន៍នារី បានចុះមកសួរសុខទុក្ខ និងប្រមែប្រមូលនូវថវិកាបន្តិចបន្តួច ដើម្បីជួយសម្រួលដល់គ្រួសារសព សម្រាប់ចាត់ចែងក្នុងបុណ្យសព ទៅតាមប្រពៃណី ផងដែរ ។
នាឱកាសនោះ លោកជំទាវបានលើកទឹកចិត្តដល់ អ្នកស្រី ឌឹម សុខនាថ ជាប្រពន្ធ និងម្ដាយរបស់សព ត្រូវកាត់ និងតាំងចិត្តតស៊ូជម្នះក្នុងឆាកជីវិតកំសត់នេះ ត្បិតអី អ្នកដែលស្លាប់ទៅ គឺបានសុខហើយ នៅឡើយតែយើង ដែលមានជីវិតទេ ចាំបាច់ត្រូវតែម្ចាស់ការ លើនាអនាគតខ្លួនឯង ជាបន្តទៀត ។
សូមបញ្ជាក់ថា ថវិកានាំទៅប្រគល់ជូនគ្រួសារសព ខាងលើនោះ បានមកពី ៖ សាខាសមាគមនារី ថវិកា ចំនួន ៣០ ម៉ឺនរៀល លោកជំទាវ ស្រី គឹមឆយ និងលោកជំទាវ ខុង ស៊ុនអេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ចំនួន ៤០ ម៉ឺនរៀល ព្រមជាមួយនឹងថវិការបស់សប្បុរសជនផ្សេងៗទៀត សរុបទាំងអស់ ចំនួន ១លាន ១សែន ៤ម៉ឺនរៀល ផងដែរ ៕