លោកជំទាវតំណាងរាស្រ្ត និង លោកជំទាវ និងថ្នាក់ដឹកនាំសាខាសមាគមន៍នារី បានចុះមកសួរសុខទុក្ខ និងប្រមែប្រមូលនូវថវិកា ដើម្បីជួយសម្រួលដល់គ្រួសារសព ដែលបាត់បង់ប្តី និងកូនស្រី៣នាក់ ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខា និងលោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញសួរសុខទុក្ខ និងនាំថវិការបស់សមាគមន៍ ជូនគ្រួសារសពដែលប្ដីបានសម្លាប់ខ្លួនឯង និងកូនស្រី ចំនួន ៣នាក់ កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ នៅក្នុងផ្ទះជួល១កន្លែង ស្ថិតនៅរាជធានីភ្នំពេញ នៅគេហដ្ឋានសព នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។ ស្ថិតក្នុងឱកាសនោះ លោកជំទាវ បានសម្ដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំ ជាមួយនិងក្រុមគ្រួសារសព ចំពោះការបាត់បង់សមាជិកគ្រួសារមាន ៖ ប្ដី និងកូនៗ ជាទីស្រឡាញ់របស់ខ្លួន យ៉ាងអាឡោះអាល័យបំផុត ។ លោកជំទាវ មានប្រសាសន៍ថា បន្ទាប់ពីទទួលដំណឹង គួរឲ្យរន្ធត់ និងសោកសង្រេងនេះ លោកជំទាវ និងថ្នាក់ដឹកនាំ ព្រមទាំង សហការី នៃសាខាសមាគមន៍នារី បានចុះមកសួរសុខទុក្ខ និងប្រមែប្រមូលនូវថវិកាបន្តិចបន្តួច ដើម្បីជួយសម្រួលដល់គ្រួសារសព សម្រាប់ចាត់ចែងក្នុងបុណ្យសព ទៅតាមប្រពៃណី ផងដែរ ។ នាឱកាសនោះ លោកជំទាវបានលើកទឹកចិត្តដល់ អ្នកស្រី ឌឹម សុខនាថ ជាប្រពន្ធ និងម្ដាយរបស់សព ត្រូវកាត់ និងតាំងចិត្តតស៊ូជម្នះក្នុងឆាកជីវិតកំសត់នេះ ត្បិតអី អ្នកដែលស្លាប់ទៅ គឺបានសុខហើយ នៅឡើយតែយើង ដែលមានជីវិតទេ ចាំបាច់ត្រូវតែម្ចាស់ការ លើនាអនាគតខ្លួនឯង ជាបន្តទៀត ។ សូមបញ្ជាក់ថា ថវិកានាំទៅប្រគល់ជូនគ្រួសារសព ខាងលើនោះ បានមកពី ៖ សាខាសមាគមនារី ថវិកា ចំនួន ៣០ ម៉ឺនរៀល លោកជំទាវ ស្រី គឹមឆយ និងលោកជំទាវ ខុង ស៊ុនអេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ចំនួន ៤០ ម៉ឺនរៀល ព្រមជាមួយនឹងថវិការបស់សប្បុរសជនផ្សេងៗទៀត សរុបទាំងអស់ ចំនួន ១លាន ១សែន ៤ម៉ឺនរៀល ផងដែរ ៕

Aug 30, 2020

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Lee Hye Kyung នាយិកា​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​(EDCF) នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា​, លោក Jeon Jong-IL នាយករង​មូលនិធិ និង​លោក Bun Channa អ្នកសម្របសម្រួល​គំរោង​របស់ EDCF នៅ​ទីស្តីការក្រសួង​។​

​ក្នុងជំនួប​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើង​អំពី​ភាពចាំបាច់​នៅក្នុង​បង្កើត​ផែនការមេ​សម្រាប់​ការសាងសង់​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​បាន​ផ្តោត​ការចាប់អារម្មណ៍​ទៅលើ​គម្រោង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តាខ្មៅ និង​សៀមរាប ដោយសារ​ទីក្រុង​ទាំងពីរ​នេះ​មាន​ការអភិវឌ្ឍ​ខ្លាំងក្លា ប្រហាក់ប្រហែល​នឹង​រាជធានី​ភ្នំពេញ​ដែរ​។​

​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​រីកចម្រើន​ខ្លាំង នៅ​ទីក្រុង​តាខ្មៅ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ EDCF ពិចារណា​ក្នុង​ការពង្រីក​វិសាលភាព​គម្រោង ដោយ​ដាក់បញ្ចូល​នូវ​ទិដ្ឋភាព​ដទៃទៀត ដើម្បី​ធានា​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ​នៃ​គម្រោង​។​

​ជា​ការឆ្លើយតប លោកស្រី Lee Hye Kyung សម្រេច​ទទួល​យក​សំណើ​នេះ​ទៅ​ពិចារណា ហើយ​ស្នើសុំ​ឱ្យ​ក្រុម​ការងារ​ផ្តល់​នូវ​សេចក្តីលម្អិត​ទៅលើ​ផ្នែក​ដែល​ត្រូវ​បន្ថែម​ទៅ​ក្នុង​គម្រោង​នេះ​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែលជា​ដៃគូ​សហការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លើ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​៕