តាមរយៈ​ហ្វេ​សប៊ុក​សម្តេច​ធិបតី​ ហ៊ុន ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​បាន​សសេរ​ថា ៖ ​ថ្មីៗនេះមានការផ្សព្វផ្សាយ ពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាច នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្រោយ​ពី​បា​ន​ពិភាក្សា​ជាមួយ ឯក​ឧត្តម​អគ្គបណ្ឌិ​តសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខ្ញុំ​បាន​ចេញ​សេចក្តីសម្រេច​ផ្អាក​ការផ្តល់​សេវា​រដ្ឋបាល​មួយចំនួន របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ​នឹង​ការបំពេញ​បែប​បទ​ធ្វើ​អាជីវកម្ម ដូច​មានចែង​នៅក្នុង​សេចក្តីសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី ខាងក្រោម​នេះ​។​

​ទន្ទឹមនេះដែរ​, ខ្ញុំ​ក៏​សូម​ឆ្លៀត​យក​ឱកាស​នេះ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ក្នុង​គោលដៅ​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែល​នឹង​ត្រូវ​ឱ្យ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​, ព្រមទាំង​ផ្តល់​ប្រយោជន៍​, ថែបំប៉ន និង​លើកកម្ពស់​ការយល់ដឹង ដល់​អ្នក​ប្រកប​អាជីវកម្ម​, មុខរបរ និង​ការងារ ដែល​ស្ថិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ៕