នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន ពី​ថ្ងៃ​ទី​១៤- ដល់​ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

​យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា បានឱ្យដឹងថា អញ្ជើញ​អមដំណើរ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​នាពេលនេះ រួមមាន​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ផ្នែក​ឯកជន​ជាច្រើន​រូប​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​បង្ហាញឱ្យឃើញ​ពី​នយោបាយ​ពូន​ជ្រុំ​ចំណង​មិត្តភាព​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​,​ឯកឧត្តម ចា​វ ឡឺ​ជី ប្រធានសភា​តំណាង​ប្រជាជន​ចិន​។ ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ចិន​ទាំង​ពីរ​រូប​នេះ នឹង​មាន​កិច្ចពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​លើ​ប្រធានបទ​មួយ​ចំនួន រួម​មាន​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី ការជំរុញ​បន្ថែម​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​កម្ពុ​ជា​-​ចិន ព្រម​ទាំង​កិច្ចការ​តំបន់​និង​អន្តរជាតិ ដែល​ផ្ដល់​ផលប្រយោជន៍​រួម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី​ចិន តែ​នឹង​ផ្ដោត​សំខាន់​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​រវាង​ប្រទេស​ទាំង​ពីរ​។ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​អញ្ជើញ​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​មួយចំនួន​ផង​ដែរ​។​

​ក្រៅ​តែ​ពី​ការបំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ហើយ​នោះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​អញ្ជើញ​ចូលរួម​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​២០ ពី​ថ្ងៃ​ទី​១៦ ដល់​១៧ ខែ​កញ្ញា នៅ​ទីក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី​ផងដែរ​៕