តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​សារ នា​ថ្ងៃ​ទី​២១ ខែ​ឧសភា​ឆ្នាំ​២០២០ បន្ត​អំពាវនាវ ដល់​ប្រជាជន​កម្ពុជា ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​ទូទាំង​ប្រទេស​។​

​មក​ទលល់​ថ្ងៃនេះ នៅលើ​ពិភពលោក​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​បាន​កើនឡើង​ក្បែរ​៥​លាន​ករណី​ហើយ ដែល​គួរអោយ​បារម្ភ​ខ្លាំង​បំផុត​។ ហើយ​មកទល់ពេលនេះ ពិភពលោក ក៏​មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល​ជម្ងឺ​ឆ្លង​រលាក​ផ្លូវដង្ហើម Covid-19 នេះ​នៅឡើយ​ដែរ​។ ទាំង​កម្ពុជា​និង​ពិភពលោក យើង​កំពុងតែ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​បំផុត​នេះ​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​គ្រប់​វិនាទី កុំអោយ​ឆ្លង​រោគ​ពី​គេ​មក​យេ​ី​ង នឹង​ពីយេ​ី​ង​ទៅ​គេ​។ បើ​ចាំបាច់​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ពាក់​ម៉ាស​ការពារ ត្រូវ​ដុស​សម្អាត​ដៃ​ជាមួយ​សា​ប៌ូ ទឹក​អាល់កុល ឬ​ចឹល​ជាប្រចាំ កាត់បន្ថយ​ការជួបជុំ​ប្រមូលផ្ដុំ​គ្នា​ច្រើន និង​ត្រូវ​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​គ្រប់ពេលវេលា​។​

​សូម​បងប្អូន​ជនរួមជាតិ​យកចិត្តទុកដាក់​ខ្ពស់​លើ​អនាម័យ​សុខភាព​រស់នៅ​អោយបាន​ល្អ​ជា​ប្រចាំ ដូចគ្នា​នឹង​ការ​គោ​ព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​អាយុជីវិត​យើងទាំងអស់គ្នា ៕