ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២០ នៅ​មន្ទីរ​ផែនការ​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​ស្តីពី​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២១-២០២៣​របស់​រដ្ឋបាល​ខេត្ត និង​ផ្សព្វផ្សាយ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​-​លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក​, លោក​-​លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​ការងារ​កសាង​ផែនការ​ខេត្ត​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានធ្វើ​ប្រតិភូកម្ម​មុខងារ សិទ្ធ​អំណាច ធនធាន​ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង​បុគ្គលិក​ទៅឲ្យ​រដ្ឋបាល​ក្រុង​-​ស្រុក អនុវត្ត​ក្នុងនាម​រាជរដ្ឋាភិបាល​។ រដ្ឋបាលខេត្ត មាន​តួនាទី​ភារកិច្ច​ដឹកនាំ​ណែនាំ សម្របសម្រួល គាំទ្រ តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ រដ្ឋបាល​ក្រុង​-​ស្រុក ដើម្បី​ធានា​ឲ្យ​រដ្ឋបាលក្រុង​-​ស្រុក គ្រប់គ្រង​ចាត់ចែង និង​អនុវត្ត​មុខងារ​របស់​ខ្លួន​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ដ ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់​។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ខេត្ត​កំពង់ចាម​បាន​នឹង​កំពុង​មាន​ការរីកចម្រើន និង​ប្រែប្រួល​មុខមាត់​ជា​បន្តបន្ទាប់ សមិទ្ធផល​រូបវ័ន្ត​ជាច្រើន ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​លើកកម្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​មិន​ទុក​ឲ្យ​អ្នកណា​ម្នាក់​ស្ថិត​នៅក្រៅ​ការអភិវឌ្ឍន៍​នោះ​ឡើយ​។

​ជាមួយគ្នានេះ តាមរយៈ​ដំណើរការ​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​(២០២១-២០២៣) របស់​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ មាន​សំណើ​គម្រោង​កម្មវិធី​វិនិយោគ​ខេត្ត ចំនួន ៤៨៧​គម្រោង​, សំណើ​គម្រោង​វិនិយោគ​ក្រុង​-​ស្រុក ចំនួន ៨០៤​គម្រោង និង​សំណើ​គម្រោង​វិនិយោគ​ឃុំ​-​សង្កាត់ ចំនួន ៤,០៥៨​គម្រោង សរុប​ចំនួន ៥,៣៤៩​គម្រោង ដែល​ជា​តម្រូវការ​ជា​អាទិភាព នឹង​កំពុង​ស្វែងរក​ថវិកា​គាំទ្រ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២១​ដែល​ទាមទារ​ឲ្យមាន​ការចូលរួម​គាំទ្រ​ពី​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ដែគូរ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរសជន​នានា សហការ​រួមគ្នា​ដោះស្រាយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​អ្នកពាក់ព័ន្ធ​៖
១-​បន្ត​ពង្រឹង​ការគ្រប់គ្រង និង​ការអនុវត្ត​មុខងារ​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ក្រុង​-​ស្រុក​ដែល​ទើប​នឹង​ធ្វើ​សមា​រណកម្ម តាម​ស្មារតី​នៃ​លិខិត​លេខ​១៦២២​ស​ជណ ចុះ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ របស់​ក្រសួង​មហាផ្ទៃ ស្តី​ពី​ការពង្រឹង​ការគ្រប់គ្រង​ការងារ​នៅ​រដ្ឋបាល​ក្រុង​-​ស្រុក ខណ្ឌ​។ ជាមួយគ្នានេះ មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ដែលមាន អតីត​ការិយាល័យ​ជំនាញ​នៅ​ថ្នាក់ក្រុង​-​ស្រុក ត្រូវ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ការងារ​តាមរយៈ​លិខិត​រដ្ឋបាល​ផ្លូវការ​ជាមួយ​គ្នា​តាម​ប្រព័ន្ធ​គ្រប់គ្រង​ថ្មី ដោយ​ត្រូវ​ឆ្លងកាត់​រដ្ឋបាល​ក្រុង​-​ស្រុក​សា​ម៉ី​នីមួយៗ ឲ្យស្រប​តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព ខ្សែ​គណនេយ្យភាព គោលការណ៍ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​តាម​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង​-​ស្រុក​។​
២-​ដោយសារ​មាន​ការឆ្លង​រីក​រាលដាល​ជា​សាកល នៃ​ជម្ងឺ​កូវី​ដ​១៩ ហើយ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​មាន​ហានិភ័យ​ខ្ពស់​នោះ រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​គិតគូ​ពី​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល នៅពេល​រៀបចំ​កិច្ចប្រជុំ​ធ្វើ​សមាហរណកម្ម​នៅតាម​បណ្តាល​ក្រុង​-​ស្រុក​នៅ​ពេល​ខាងមុខ​នេះ​។​
៣-​រដ្ឋបាល​ក្រុង​-​ស្រុក និង​មន្ទីរ​-​អង្គភាព ជុំវិញ​ខេត្ត ដែគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​អញ្ជើញ​ចូលរួម និង​ជួយ​គាំទ្រ​គម្រោង ឲ្យអស់​ពី​លទ្ធភាព​តាម​វិស័យ និង​ការទទួល​បន្ទុក​របស់​ខ្លួន​៕