វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតចិន និងប្រធានគ.ជ.បវាយតម្លៃខ្ពស់ចំពោះដំណើរ ការឃោសនាបោះឆ្នោតនៅកម្ពុជា ក្នុងរយៈពេល២១ថ្ងៃកន្លងមកនេះពោលគឺអ្នកយោបាយមានភាពចាស់ទុំមានការសហការល្អរវាងមន្ត្រីគ.ជ.ប និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
ក្នុងឱកាសចុះពិនិត្យមើលដំណើរការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ដំណើរការកាន់តែប្រព្រឹត្តទៅល្អ មិនមានបាតុភាពអ្វីកើតឡើងនោះទេ ។
សំឡេង៖ «ប៉ុន្មានថ្ងៃនេះ ឃើញថាការឃោសនារបស់គណបក្សនយោ បាយទាំង១៨ធ្វើបានល្អ។ ជាទូទៅ ក្រៅពីការហែក្បួនគណបក្សគេបានជួបជុំនៅទីប្រជុំជន ជួបផ្ទាល់ប្រជា ពលរដ្ឋ ចែកខិតបណ្ណ ការសម្តែងសិល្បៈផ្សេងៗ ដើម្បីផ្សព្វផ្សាយ កម្មវិធីនយោបាយរបស់គណបក្សនីមួយៗ ។ បរិយាកាសនៃការ ឃោសនា២១ថ្ងៃនេះ គឺសន្តិសុខល្អណាស់ សណ្តាប់ធ្នាប់ក៏ល្អ ដោយ សារតែកិច្ចសហការរបស់គណៈកម្មា ធិការរៀបចំការបោះឆ្នោតគ្រប់ជាន់ ថ្នាក់ ជាមួយអាជ្ញាធរ បង្កលក្ខណៈរៀបចំបានល្អ ដល់បណ្តាគណបក្ស នយោបាយដើម្បីចែកវេនគ្នាធ្វើ សកម្មភាព។ ហើយម៉្យាងវីញទៀតគណបក្សនយោបាយនីមួយៗ កាន់ តែយល់ដឹង កាន់តែមានពិសោធន៍ កាន់តែចាស់ទុំ គោរពគ្នាទៅវិញទៅ មក មានក្របសីលធម៌ អញ្ចឹងមិនមានបញ្ហាអ្វីនាំឲ្យប៉ះពាល់គ្នានោះទេ»។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឋានៈជាភ្ញៀវពិសេសបានបញ្ជាក់ថា ការឃោសនាបោះឆ្នោតនេះ គណ បក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពពេញ លេញក្នុងការធ្វើយុទ្ធនាការគាំទ្រគណបក្សរបស់ពួកគេ។

សំឡេង៖ « យុទ្ធនាការឃោសនាបោះឆ្នោតខ្ញុំបានឃើញថា គ្រប់គណបក្សនយោបាយបានឃោសនាយ៉ាងរលូនហើយប្រជាជនទាំងអស់បានបង្ហាញជំហររបស់ខ្លួនដោយ សេរីភាព»។
បើតាមឯកឧត្តម ប្រាជ្ញ ចន្ទ គ.ជ.ប ទទួលបានបណ្ដឹងប្រមាណ៣០ បណ្ដឹង ដែលភាគច្រើនតាមប្រព័ន្ធអនឡាញ ដោយសារការឃោសនាតាមបណ្ដាញសង្គមមួយចំនួនបានបំពានច្បាប់ស្ដីពីការបោះឆ្នោត ពិសេសក្រោយការធ្វើ វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតតែម្ដង។ បណ្ដឹងទាំងអស់នោះ មានមកពីប្រជាពលរដ្ឋ និងគណបក្សនយោបាយដែលមិនពេញចិត្ត។
គ.ជ.បបានបញ្ជាក់ថា មានអ្នកសង្កេតការណ៍អន្ដរជាតិប្រមាណជាង៤០០នាក់មកពីបណ្ដាស្ថាប័នចំនួន៦០ នៅទូទាំងពិភពលោក ក្នុងនោះមានទាំងនាយករដ្ឋមន្ដ្រី ប្រធានសភា និងអតីតឥស្សរជនជាន់ខ្ពស់ នៃបណ្ដាប្រទេសទាំងអស់នោះ និងមានអ្នកសង្កេត ការណ៍ជាតិសរុបចំនួន៧៤,៣៤១នាក់បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣ រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ ផ្សាយដោយ៖ កន ចំណាន
ប្រភព ពី ក្រសួងពត៍មាន