នេះ​ជា​ការលើកឡើង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅក្នុង​ឱកាស​ទទួល​ជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត ថា​នី ប៊ីន អា​ម៉េដ អាល ហ្សេ​យូឌី រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មីរ៉ា​ត​អា​រ៉ាប់រួម ដែល​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៣ ដើម្ប​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀ​ង​ភាពជា​ដៃគូ​សេដ្ឋ​កិ​ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មីរ៉ា​ត​អា​រ៉ាប់រួម ក៏ដូចជា​ស្នើសុំ​ការគាំទ្រ​របស់​កម្ពុជា​លើ​ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៨ (COP-28) នា​ចុងឆ្នាំ​នេះ នៅ​ទីក្រុង​ឌុយ​បៃ​។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ភ្ញៀវ​អំពី​វិស័យ​សក្ដានុពល​សំខាន់ៗ មួយចំនួន ដែល​អាច​ជា​មូលដ្ឋាន​សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​២ និង​ជា​តម្រូវការ​ទីផ្សា​របស់អេ​មីរ៉ា​ត​អា​រ៉ាប់រួម ជាអាទិ៍ ទឹកឃ្មុំ គ្រាប់ស្វាយចន្ទី ខ្លឹម​ចន្ទ អង្ករ​សិរី​រាង្គ អង្ករ​សំរូប និង​ផលិតផល​សហគមន៍​ផ្សេងៗ​។​

​ជា​ការឆ្លើយតប ឯកឧត្តម​បណ្ឌិត ថា​នី បាន​លើកឡើង​ថា នឹង​បញ្ជូន​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​មក​សិក្សា ពិភាក្សា និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ ជាពិសេស​ការដោះដូ​រ​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់ ជាមួយ​កម្ពុជា​។​