ពិធី​អបអរសាទរ​ខួប​លើក​ទី​៧៤ «​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ឆ្នាំ​២០២៣ និង​សម្ភោ​ធ​សមិទ្ធផល​នានា​» ក្នុង​សាលា​មត្តេយ្យ​ធនធាន​ក្រុងព្រះសីហនុ ត្រូវ​បាន​ប្រព្រឹត្តទៅ​ក្រោម អធិបតីភាព លោកជំទាវ ឌិ​ត នី​តា សាយ សំ​អាល់​, ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​និង​ជា​ប្រធាន​ក្រុមការងារ​វិស័យ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ​, លោកជំទាវ ថៃ វិឡា​ល័យ ឌិ​ត ទីណា​, លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោកជំទាវ អ៊ូ ធីតា​ពៅ គួច ចំរើន ព្រមទាំង​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស​ជា​ច្រើន​នាក់ នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៣ នាសា​លា​មត្តេយ្យ​ធនធាន​ក្រុងព្រះសីហនុ​។​

​នា​ឱកាស​នោះ លោកជំទាវ ឌិ​ត នី​តា បាន​រម្លឹក​ពី​សាវតារ​នៃ​សាលា​មត្តេយ្យ​ធនធាន​ក្រុងព្រះសីហនុ ក្នុង​ឆ្នាំ​២០២០ មាន​ស្ថានភាព​ខុសពី​បច្បុប្បន្ន ដោយ​មិន​ទាន់​មាន​សមិទ្ធផល​នានា​ដូច​ថ្ងៃនេះ​ទេ ប៉ុន្តែ​ក្រោម​ការគិតគូរ និង​ឧបត្ថម​គាំទ្រ​ខ្ពស់​ពី​សំណាក់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ឱ្យ​សាលា​នេះ​ប្រែ​មុខមាត់​ថ្មី ជាមួយ​សមិទ្ធផល​នានា កំណើន​សិស្ស បរិស្ថាន​សាលា​ល្អ ហើយ​នា​ពេល​ថ្មីៗ​នេះ សាលា​ទទួល​បាន​ជ័យលាភី​ជា​បន្តបន្ទាប់ រួមមាន «​ជ័យលាភី​សាលា​មេត្រី​បរិស្ថាន ឆ្នាំ​២០២២» និង «​ជ័យលាភី​សាលារៀន​ស្អាត​» សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២ ចំណាត់ថ្នាក់​លេខ​៣ ទូទាំង​ប្រទេស​ផង​ដែរ​។

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ បាន​ចាត់ទុកថា មត្តេយ្យសាលា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបណ្ដុះបណ្ដាល​កុមារ​ឱ្យ​លូតលាស់ លើ​ផ្នែក​រាងកាយ ចំណេះដឹង បញ្ញា ស្មារតី ស្របតាម​គោលនយោបាយ​និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ចាប់តាំងពី​វ័យ​កុមារ រហូត​ដល់​មនុស្ស​ពេញវ័យ​។​

​ជាមួយគ្នានេះ លោកជំទាវ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​សាលា ដែល​បាន​ខិតខំ​បំពេញ​ការងារ​យ៉ាង​ល្អ ដើម្បី​ការរីកចម្រើន​របស់​សាលា សម្រាប់​ជា​ថ្នាល​បណ្ដុះបណ្ដាល​កុមារ​ក្នុង​ក្រុង​ព្រះសីហនុ​។ លោកជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​វិស័យ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ ដែល​មាន​ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ជា​ប្រធាន បាន​ដឹកនាំ​ការងារ​ទាំងឡាយ​ប្រែក្លាយ​សាលា​ឱ្យ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​។ លោកជំទាវ ក៏​បាន​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការកសាង​នូវ​សមិទ្ធផល​ទាំងឡាយ​នៅក្នុង​សាលា ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​ការសិក្សា​រៀនសូត្រ​និង​ការលូតលាស់​របស់​កុមារ​ដែល​ជា​ក្តីសង្ឃឹម និង​អនាគត​របស់​ប្រទេសជាតិ​។​

​គួរបញ្ជាក់​ថា សាលា​មត្តេយ្យ​ធនធាន​ក្រុងព្រះសីហនុ ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​១៩៨៧​។ សមិទ្ធផល​នានា លេចចេញ​ជា​រូបរាង​ឡើង ក្រោម​ការ​ឧបត្ថម​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោកជំទាវ ឌិ​ត នី​តា សាយ សំ​អាល់ និង​ក្រោម​គំនិត​ផ្តួចផ្តើម​គាំទ្រ​របស់ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន រួម​ទាំង​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ និង​សប្បុរសជន​នានា​។ សមិទ្ធផល​ទាំងអស់នេះ បាន​ធ្វើ​ឱ្យ​សាលា​មត្តេយ​ធនធាន​ក្រុងព្រះសីហនុ មានការ​រី​ចម្រើន ក្នុង​នោះ​ចំនួន​សិស្ស​បាន​កើន​ឡើង​ជាង​៣​ដង ពី​ជាង​២០០​នាក់ ទៅ ៧២៨​នាក់ និង​ទទួលបាន​ជ័យលាភី​ជា​បន្តបន្ទាប់​៕