កាលពី​វេលា​ម៉ោង​ប្រមាណ ០៧​និង​០០​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៣ មាន​ករណី​ឆក់​ទូរស័ព្ទដៃ​មួយ​កើតឡើង ត្រង់ចំណុច ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។ ជនរងគ្រោះ ជា​ជនជាតិ​កូរ៉េ កំពុង​ដើរ​តាមផ្លូវ ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់ ដើរ​មក​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទដៃ​មួយ​គ្រឿង ហើយ​រត់​ឡើង​ម៉ូតូ ដែល​មាន​គ្នា​០២​នាក់​(​ប្រុស​០១ ស្រី​០១) ជិះ​គេចខ្លួន​តែម្តង តែ​ដោយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ កំពុង​ល្បាត​ក្បែរ​នោះ​ដែរ​បាន​ឃើញ ក៏​បាន​ធ្វើការ​ប្រដេញ​រហូត​ដល់​ចំណុច​ផ្លូវ​២២២​កែង​ផ្លូវ​៥៥ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ក៏​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​តែ​ម្តង​។ ជនសង្ស័យ​ទាំង​០៣​នាក់​មាន​ឈ្មោះ ៖ ១- ឈ្មោះ សាន រី​ដា (​ហៅ​ដឺ​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ២- ឈ្មោះ ទ​ក ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៣- ឈ្មោះ ផាត សារិទ្ធ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ សាន រី​ដា (​ហៅ​ដឺ​) បាន​សារភាព​ឲ្យដឹងថា ខ្លួន​គេ​ពិតជា​បានធ្វើ សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី ជនរងគ្រោះ​ជា​បរទេស ដែល​កំពុង​ដើរ​លើ​ចិញ្ចើម​ពិតមែន ដោយ​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំញៀន​អស់​រយៈពេល​០៥​ឆ្នាំ​មកហើយ​។ រីឯ​ជនសង្ស័យ​ឈ្មោះ ទ​ក ពិសិដ្ឋ បាន​សារភាព​ឲ្យដឹង​ដែរថា កន្លងមក​ខ្លួន​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​០៥​ឆ្នាំ ពី​បទ​វាយ​ប្លន់​ជនបរទេស​ផងដែរ​។

​ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ប្រគល់ឲ្យ​ជំនាញ​ការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​