វេទិកា​ស្ដីពី «​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» ក្រោម​ប្រធានបទ «​ការរៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​» និង «​ពង្រឹង​សេវាកម្ម និង​ផលិតផល​សហគមន៍ ដើម្បី​ជំរុញ​ការនាំចេញ​នៅ​នឹង​កន្លែង​» ត្រូវ​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា ឯកឧត្តម ហ៊ូ ស្រ៊ី ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា និង​វត្តមាន​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ និង​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​ជា​ច្រើន​នាក់ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៣ នា​ទីស្ដីការ​ក្រសួង​បរិស្ថាន​។​

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ចាត់ទុកថា​តំបន់ការពារធម្មជាតិ គឺជា​សរសរ​កន្លោង​ទ្រទ្រង់​សហគមន៍​។ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​បន្ថែមទៀត​នូវ​ទស្សនៈវិស័យ​សំខាន់ៗ​និង​ពី​សារៈសំខាន់​នៃ​ការបង្កើត​តំ​សហគមន៍​តំបន់ការពារធម្មជាតិ នៅតាម​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា គឺ​ដើម្បី​ចូលរួម​អភិរក្ស​ជីវៈចម្រុះ​ដែល​នៅសល់​ឱ្យបាន​គង់វង្ស​។ ការរក្សា​ឱ្យបាន​គង់វង្ស​នូវ​ធនធាន​ជីវៈចម្រុះ គឺជា​ការរក្សា​ជីវិត​លើ​ផែនដី រក្សា​លំនឹង​និង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី លើកកម្ពស់​ទេសចរណ៍​ធម្មជាតិ ដែល​ទាំងនេះ​សម្រេច​ទៅ​បាន​ស្របគ្នា​នឹង​ការ​លើ​កម្ពស់​ជីវភាព​ស​ហគ​មន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​ក្នុង​ការបង្កើត​សហគមន៍ គឺ​ដើម្បី​រៀនធ្វើការ​ជាមួយគ្នា រៀន​ចុះសម្រុង​គ្នា មូលមតិ​គ្នា ក្នុង​ការពារ​ធនធាន​ធម្មជាតិ​និង​ដកហូត​ផល​អនុផល​ព្រៃឈើ​ដោយ​របៀប​ណា ដើម្បី​រក្សាបាន​នូវ​និរន្តរភាព​បរិស្ថាន​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ផ្តល់​អនុសាសន៍​គន្លឹះៗ​ដល់​សហគមន៍ គឺ​ត្រូវ​ក្ដាប់​ឱ្យ​បាន​ពី​គោលបំណង​របស់​ក្រសួង​បរិស្ថាន ក្នុង​ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ គឺ​ដើម្បី​៖ បង្កើត​ភាពស្របច្បាប់​ក្នុងការ​ចងក្រង​ជា​សហគមន៍ បំពេញ​នូវ​សេចក្ដីត្រូវការ​(​ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ​) លើកកម្ពស់​ជីវភាព​(​លំនៅដ្ឋាន ម្ហូបអាហារ ប្រាក់ចំណូល​សមរម្យ​) លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន (​នៅ​មូលដ្ឋាន​មាន​អ្វីខ្លះ យកចិត្តទុកដាក់​លើ​ការនាំចេញ​នៅ​ហ្នឹង​កន្លែង​) និង​លើកកម្ពស់​ទេសចរណ៍​ផ្សាភ្ជាប់​ទឹកដី​(​ផ្តល់​ជូន​ភ្ញៀវ​ទេសចរណ៍​នូវ អាហារ​ក្នុង​តំបន់ សេវាកម្ម និង​ផលិតផល កន្លែង​ស្នាក់នៅ បន្ទប់​ទឹកស្អាត​)​។​

​គួរបញ្ជាក់​ថា ការរៀបចំ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ និង​គម្រោង​អភិវឌ្ឍន៍​ពាក់ព័ន្ធ គឺជា​យុទ្ធសាស្ត្រ​ក្រវ៉ាត់​បៃតង ដើម្បី​ការពារ​តំបន់​ស្នូល និង​តំបន់​អភិរក្ស នៃ​តំបន់ការពារធម្មជាតិ និង​ការកែច្នៃ​សក្ដានុពល​ធនធាន​ធម្មជាតិ សំដៅ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​និង​មូលដ្ឋាន​ប្រកបដោយ​ចីរភាព ជាពិសេស​ធានា​បាន​នូវ​តុល្យភាព​រវាង​ការអភិវឌ្ឍ​និង​ការអភិរក្ស និង​ការលើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​។ តំបន់​ស្ទឹង​អា​រ៉ែ​ង ដែល​ត្រូវ​បង្កើត​ជា​សហគមន៍​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ សម្បូរ​ទៅ​ដោយ​សក្ដានុពល​ធម្មជាតិ​ទាក់ទាញ រួមមាន ទឹកជ្រោះ ទឹក​ធ្លាក់ ដងអូរ ព្រៃស្រោង សត្វព្រៃ​កម្រៗ​ដូច​ជា​ដំរី ស្វា ក្រពើ​ភ្នំ និង​ត្រី​នាគ​ជាដើម​។ ក្រៅ​ពី​ភាព​ទាក់ទាញ​នៃ​ធម្មជាតិ នៅ​តំបន់​អា​រ៉ែ​ង រួមមាន រូងភ្នំ​បុរាណ ផ្នូរ​សព្វ​បុរាណ ក្រឡ​បុរាណ និង​តំបន់​ទាក់ទាញ​សកម្មភាព​ទេសចរណ៍​ផ្សេងៗ​ទៀត ដូចជា កន្លែង​ជិះ​កង់ ជិះ​រទេះគោ ហែល​ទឹក ឡើង​ភ្នំ មើល​សត្វ​ស្លាប បោះ​ជំរុំ អុំទូក​កា​យ៉ាក ព្រមទាំង​តំ​បំបន់​ទេសភាពធម្មជាតិ​ទាក់​ទាញ​ផ្សេងៗ​ទៀត​ប្រមាណ​៦០​កន្លែង​។​