ភ្នំពេញ​៖ ថ្ងៃ​ពុធ ៩​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល រនាំង​ផ្លាកសញ្ញា​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ផង​ដែរ​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​មន្ត្រីនគរបាល ដែល​ខិតខំ​ប្រឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ ជួយ​ជ្រោមជ្រែង​ឱ្យ​សម្រេចបាន​ជោគជ័យ​ក្នុង​ការអនុវត្ត​ការងារ​កាត់​ទ្រុង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​។

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​អំពី​៖ ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី ចរាច​រណ៍​ផ្លូវគោក​នៅ​តាម​រាជធានី​-​ខេត្ត​ទាំង​២៥ ការផលិត​វីដេអូ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការរៀបចំ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ការផ្សព្វផ្សាយ​អំពី​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) កម្មវិធី​យល់ដឹង​អំពី​ទ្រីស្តី​នៃ​ការបើក​បរលើ​ទូរសព្ទ (Cambodia Driving Rules) ការបើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ដល់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម និង​ការបន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គ្រប់​រូបភាព​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព​ជូន​អង្គពិធី​ផងដែរ អំពី​ដំណើរការ​សាកល្បង​ដំឡើង​ប្រព័ន្ធគ្រប់គ្រង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ឆ្លាត​វៃ និង​ជញ្ជីង​ស្វ័យប្រវត្តិ (AI Camera and Weight in Motion Sensor) ចំនួន​ពីរ​ស្ថានីយ ដើម្បី​ត្រួតពិនិត្យ​យានយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ និង​គម្រោង​បិទ​យានដ្ឋាន​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​អស់​ជា​ស្ថាពរ​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​លទ្ធភាព​ប្តូរ​ផ្លាកលេខ​យានយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងអស់​ដែល​គ្មាន QR Code ដោយ​ឥតគិតថ្លៃ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា​។

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធី​ប្រគល់​-​ទទួល ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឹងម៉ាត់ មិន​ត្រូវ​ដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដែលនាំឱ្យ​ផ្លូវ​ឆាប់​ខូច បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ភាពយឺតយ៉ាវ​ទាំងអស់គ្នា និង​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ថែរក្សា​ស្ពាន​ថ្នល់​យើង​ឱ្យបាន​គង់វង្ស ប្រើប្រាស់​បាន​យូរអង្វែង​។

​ជាទី​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ប្រគល់​ជូន​រនាំង​ផ្លាកសញ្ញា​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន ៣០០​ផ្ទាំង ជូន​ដល់​អគ្គស្នងការដ្ឋាន​ន​គរ​បាល​ជាតិ ដែល​ជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ចូល​រួមចំណែក​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕