​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី ០១ ខែ សីហា ឆ្នាំ ២០២០​នេះ នៅ​សាលាខណ្ឌ​ដូនពេញ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ ដឹកនាំ​ដោយ លោក សុខ ពេញវុ​ធ ប្រធានកិត្តិយស​អនុសាខា បាន​រៀបចំ​ពិធី​ជួប​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​ចាស់ជរា​ចំនួន​៣១​គ្រួសារ ពិការ​ចំនួន​៦​គ្រួសារ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៤​គ្រួសារ សរុប​ចំនួន​៤១​គ្រួសារ ដែល​ជ្រើសរើស​មក​ពី​សង្កាត់​ទាំង​១១ ក្នុង​ខណ្ឌ ។

​នា​ឱកាស​នោះ លោក​ប្រធានកិត្តិយស​អនុសាខា បានលើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូ​ខ្ពស់​ជាប់​ជានិច្ច​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​“ ។

​អំណោយ​មនុស្សធម៌​ដែល​បាន​ចែក​ជូន​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ មី​១​កេស ថ្នាំ​ដុសធ្មេញ​១​ដុំ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​ប្រធាន​កិត្តិ​សយ​អនុសាខា​ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ការពារ និង​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង ៕