​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព នៃ​ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ចោមចៅ​ទៅ​ក្រុង​កំពត ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ ថា​តើ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បាន​កំណត់​ដែរ​ឬ​យ៉ាងណា ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បាន​យូរអង្វែង តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ខួង​ពិនិត្យមើល​ស្រទាប់​គ្រឹះ និង​ការពិនិត្យ​មើល​ការបំពាក់​ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​សូម​ជម្រាប​ជូន​ថា​៖ គម្រោង​ពង្រីក​និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ដែល​មាន​ប្រវែង សរុប​១៣៤,៨២៦ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែក​ជា​ពីរ​ដំណាក់កាល​៖ ដំណាក់កាល​ទី​១​ពី​ចោមចៅ (​ភ្នំពេញ​) ទៅ​បែក​គុស ប្រវែង​៦៩,៩០ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់ ២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC) កម្រាស់​៩​សង់ទីម៉ែត្រ ចែកចេញ​ជា​៤​គន្លង (២​គន្លង​ទៅ​២​គន្លង​មក​)​។ ដំណាក់កាល​ទី​២ ពី​បែកគុស​ទៅក្រុង​កំពត​ប្រវែង​៦៤,៩២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​AC​កម្រាស់​៧​សង់ទីម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់​១២ ម៉ែត្រ ចែកជា​២​គន្លង​។

​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ។

​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣​នេះ​មាន​រយៈពេល​៤៨​ខែ តាម​គម្រោង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២២ ប៉ុន្តែ​ដោយសារ​វឌ្ឍនភាព​នៃ​ការសាងសង់​បាន​ដំណើរការ​ដោយ​ភាពរលូន ការសាងសង់​អាច​នឹង ត្រូវ​បញ្ចប់​មុន​គម្រោង​រយៈពេល​៩​ខែ ពោល​គឺ​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ ហើយ​គិត​រហូត​មក​ទល់​ពេល​នេះ​ការសាងសង់​សម្រេចបាន​៧៤%​ហើយ​។​

​នៅក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ពិនិត្យ​ការបំពាក់​ស្លាក​សញ្ញា​សុវត្ថិភាព​តាម​ការដ្ឋាន​នីមួយៗ គម្រោង​សាងសង់​ស្ពាន​រំលង​នៅ​ផ្សារ​ត្រាំខ្នារ​ថ្មី ទីតាំង​ត្រូវ​បំពាក់​ភ្លើងស្តុប​នៅ​ផ្សារ​ត្រាំ​ខ្នារ ផ្សារ​អង្គតាសោម ផ្សារ​ឈូក និង​ទីតាំង​ដែល​ចាំបាច់​ត្រូវ​បើក​របាំង​ចែកផ្លូវ ក្នុង​គោលបំណង​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍​ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ជាតិប្រមាណ​៣៥០​លាន​ដុល្លារ​/​ឆ្នាំ និង​មាន​អត្រា​អ្នកស្លាប់ ប្រមាណ​៥​នាក់​/​ថ្ងៃ​។​

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​សខួង​ស្រទាប់​គ្រឹះ​ទីមួយ ស្រទាប់​គ្រឹះ​ទី​ពីរ ខួង​បេតុង​កៅស៊ូ​(AC)​ស្រទាប់​ទី​មួយ ធ្វើតេស្ត​FWD និង​ពិនិត្យ​ផ្លូវ​ក្នុង​ក្រុង​កំពត ដែល​ប្ដូរ​ពី​ផ្លូវ​AC ទៅ​ផ្លូវ​បេតុង​ផងដែរ​។​

​ក្រោយ​ពី​ការចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៣​ចំនួន​បី​កន្លែង ដោយ​មិន​បាន​ជូនដំណឹង​ជាមុន (Spot check) លទ្ធផល​បាន​បង្ហាញថា​៖ គុណភាព​សំណង់​ឋិត​ក្នុង​កម្រិត​ស្តង់ដារ​មួយ​ល្អ អាច​ទទួលយកបាន ធានាបាន​នូវ​ការប្រើប្រាស់​ជាប់​បាន​យូរអង្វែង និង​ឈាន​ទៅ​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ក្នុង​ការថែទាំ​ជួស​ជួល​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​រថយន្ត​តាមផ្លូវ ដើម្បី​ចាប់​ល្បឿន​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ក្នុង​ទីប្រជុំជន ដើម្បី​ធានា​ឱ្យ​អ្នកបើកបរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ មិន​បើកបរ​លើស​ល្បឿន​កំណត់ដោយ​ច្បាប់ និង​មាន​ស្មារតី​យកចិត្តទុកដាក់​ក្នុង​ការបើកបរ និង​ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ដែល​បង្ក​ឱ្យមាន​ការកកស្ទះ​នៅពេល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ។​
​សូមបញ្ជាក់​ថា ៖ ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​ក្រុង​កំពត (១៣៤,៨២៦​គ​.​ម​) កំពុង​ស្ថាបនា​ឡើងវិញ​បាន​៧៤% និង​ពិនិត្យ​ការដាក់​ស្លាក​សញ្ញា​ការដ្ឋាន ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ៕