នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០២​បន្ថែមទៀត ដែល​មាន​តម្លៃ​សរុប​ជាង ៤៦​លាន​ដុល្លារ​អាមេរិក​។​

​ស្ពាន​អាកាស​ដែល​សាងសង់​បន្ថែម​នេះ ទី​១ ស្ថិត​នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌ​មានជ័យ​។ ទី​២ ស្ថិត​នៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៉ី ជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ​២០០៤) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ស្ពាន​អាកាស​ទាំងពីរ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​សរុប ៤៦,៧៧៥.០០០​ដុល្លា​អាមេរិក​។ ក្នុងនោះ​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) ចំណាយ​ថវិកា ៣៦,៧៧៥,០០០​ដុល្លារ និង​ចំណាយពេល​សាងសង់ ៣៦​ខែ​។​

​ដោយឡែក​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៉ី ជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ចំណាយ​ថវិកា ១០,០០០,០០០​ដុល្លារ​អាមេរិក ចំណាយ​ពេល​សាងសង់ ១៦​ខែ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​បន្ថែមទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​។ នៅថ្ងៃនេះ សម្តេច​តេជោ​បានសម្រេច​ដាក់ឈ្មោះឱ្យ​ស្ពាន​អាកាស​ចំណុចប្រសព្វ​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេជោ និង​វិថី​កងយោធពល​ខេមរភូមិន្ទ​ថា «​ស្ពាន​អាកាស​ព្រះមុនីវង្ស​»
​រី​ឯ​ស្ពាន​អាកាស​ចំណុចប្រសព្វ​ផ្លូវ​២០០៤ និង​មហាវិថី​សហព័ន្ធរុស្ស៉ី​បាន​ដាក់ឈ្មោះថា «​ស្ពាន​អាកា​សគង់​សំអុល​»​។
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំ​លឹ​ក​ថា កាល​ពី​ទសវត្សរ៍​៨០ និង​៩០ តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខុស​ឆ្ងាយ​ពី​ពេលបច្ចុប្បន្ន ដែល​ពីមុន​តម្រូវការ​ខ្ពស់បំផុត គឺ​ត្រឹម​ជា​ស្បៀងអាហារ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ននេះ​វិញ ប្រជាពលរដ្ឋ​មិនមែន​ខ្វះ​ស្បៀង​អាហារ​ទៀត​នោះ​ទេ គឺ​ពួកគាត់​មាន​តម្រូវការ​ប្រព័ន្ធ​ហេដ្ឋរចនាសម្ព័ន្ធ​សម្រា​ប់​ធ្វើដំណើ​រវិញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសនថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ គឺជា​ប្រើ​យុទ្ធសាស្ត្រ​យក​ស្លឹកត្នោត​ខ្ចប់​ស្ក​ត្នោត មានន័យ​ថា យក​លុយ​ចំណូល​ពី​ការវិនិយោគ​ក្នុង​រាជធានី មក​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​វិញ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសា​ថា រហូត​ពេលបច្ចុប្បន្នរ​រាជធានី​ភ្នំពេញ បាន​ចំណាយ​លើ​ការសាងសង់​ទាំង​ស្ពាន​ឆ្លងទន្លេ និង​ស្ពាន​អាកាស​សរុប​ថវិកា​ជាង ២២៦​លាន​ដុល្លារ​អាមេរិក​ហើយ ។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​បង្ហើប ថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​បង្កើត​ក្រុង​ល្វាឯម​នាពេលខាងមុខ​ផងដែរ​។

​ទាក់ទង​ទៅនឹង​រឿង​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​នៅ​ភ្នំ​គូលែន ដែល​អ្នកខ្លះ​រត់​ចោលផ្ទះ រត់ចោល​ការងារ​នោះ សម្តេច​តេជោ ហ៊ុន សែន សូម​អភ័យទោស​ចំពោះ​រដ្ឋាភិបាល​កូរ៉េ ជប៉ុន និង​ថៃ និង​សូម​កុំឱ្យ​ដាក់​ពាក្យបណ្តឹង​លើ​ពលករ ដែល​រត់​ចោល​ការងារ ព្រោះ​ចាញ់បោក​ការ​ឃោស​របស់ លោក ខឹម វាសនា​។
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​អោយដឹងថា បំណង លោក ខឹម វាសនា ចង់​បាន​ការ​ប្រើ​កម្លាំង ដើម្បី​ប្រែក្លាយ​ពី​រឿង​ជំនឿ ទៅ​ជា​រឿង​នយោបាយ​។ សម្តេច​តេជោ​បាន​ថ្លែងថា ភ្លាមៗ​សម្តេច​បាន​បញ្ជា​ទៅ​កងកម្លាំង​ត្រូវ​ប្រយ័ត្ន​មិន​ឱ្យ​ចូល​ក្នុង​អន្ទាក់​របស់ លោក​ខឹម វាសនា នោះឡើយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​សម្តេច​តេជោ​បាន​ថ្លែងថា លោក ខឹម វាសនា អត់​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ងើប​ប៉ះ​បោរ​ដល់​រាជរដ្ឋាភិបាល ឬ​ឱ្យ​បរទេស​កាត់​ជំនួយ​ពី​កម្ពុជា​នោះឡើយ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​ពេល​កើតមាន​ព្រឹត្តិការណ៍​ជួបជុំ​នៅ​ចម្ការ លោក​ខឹម វាសនា សម្តេច​បាន​ដាក់ចេញ​បទបញ្ជា​ចំនួន​ពីរ ទី​១ ត្រូវ​ការពារ​សន្តិសុខ​ឱ្យ​បាន​កុំឱ្យ​បាតដៃ​ទី​២ ឆ្លៀត​ប្រើ​បង្កើត​រឿង​ផ្សេងៗ និង​ទី ដាច់ខាត​មិន​ឱ្យ​ទៅ​ដណ្តើម​ដី​នៅ​រុណ​តា​ឯក​នោះទេ​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ដី​នៅ​រុន​តា​ឯក​អត់​មាន​ត្រូវ​បែក​ចែក​ឱ្យ​អ្នកគាំទ្រ ខឹម វាសនា នោះឡើយ​។ សម្តេច​តេជោ បាន​ថ្លែងថា បើ ខឹម វាសនា ចិត្ត​ល្អ​គួរ​បែងចែក​ដី​ចម្ការ ១២​ហិកតា​នោះ ឱ្យទៅ​អ្នកគាំទ្រ​ទៅ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ស្ពាន​អាកាស​ចំនួន​ពីរ​បន្ថែមទៀត​នៅថ្ងៃនេះ និង​ចុងបញ្ចប់​សម្តេច​តេជោក៏បាន​អញ្ជើញ​ចុច​ប៊ូតុង​បើក​ការដ្ឋាន​ការសាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​ចាប់ពីពេលនេះ​តទៅ​៕