«​បេសកកម្ម​របស់​បង​ប្អូន​មន្ត្រី​ក្រសួង​បរិស្ថាន​គឺជា​ការចូលរួម​គាំទ្រ​ដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាលខេត្ត រៀបចំ​ភូមិ​តាម​គោលការណ៍​នគរូបនីយកម្ម និង​រៀបចំ​សួន​ដំណាំ​មាន​ដើមឈើ​ហូប​ផ្លែ​សម្រាប់​ពលរដ្ឋ​ផ្លាស់​ប្តូរ​ទីតាំង​លំនៅ​ថ្មី​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​»​។ នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុងឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​ការងារ​ទូទៅ​របស់​មន្ត្រី​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ឧទ្យានុ​រក្ស និង​បងប្អូន​សហគមន៍​តំបន់ការពារធម្មជាតិ នៅក្នុង​តំបន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិតក្នុង​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២​។

​ក្រសួង​បរិស្ថាន​បាន​ទទួល​ភារកិច្ច​ចូលរួម​គាំទ្រ​ដល់​ក្រសួង​រៀបចំ​ដែនដី អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ខេត្ត​សៀមរាប​ក្នុង​បេសកកម្ម​រៀបចំ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដោយ​ក្នុង​នោះ​មាន​ការសម្អាត​ផ្ទៃដី និង​ការរៀបចំ​សួន​ដំណាំ​ដែល​មាន​ការ ដាំ​ដើមឈើ​ហូប​ផ្លែ​នានា​សម្រាប់​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​ដាំ​ដើមឈើ​ឡើង​វិញ​នៅ​តំបន់​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​រុះរើ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការចូលរួម​របស់​បង​ប្អូន​ក្នុង​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រជាពលរដ្ឋ នេះ​គឺជា​ការយកចិត្តទុកដាក់​របស់​យើង ជូន​ទៅ​ដល់​ប្រជាជន ដែល​ត្រូវ​រើ​លំនៅដ្ឋាន​មក​រស់នៅ​លើ​ភូមិ​រៀបចំ​ថ្មី​។ ក្នុង​នោះ​ផង​ដែរ​រាជរដ្ឋាភិបាល និង​រៀបចំ​ហេ​ដ្ឋា​សម្ព័ន្ធ​ជូន​ពួកគាត់ ដែល​ក្នុងនោះ​ក៏​មាន​ការ​ដាំ​ដើមឈើ​។ ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​បរិស្ថាន ដែល​បាន​ចូលរួម​នៅក្នុង​ការងារ​នេះ ដែល​តម្រូវ​អោយ​រៀបចំ​រយៈ​យូរ ដើម្បី​ធ្វើ​បំពេញ​បេសកកម្ម​ការងា​រ សម្រាប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក្រៅពី​ការងារ​ស្នូល​បច្ចុប្បន្ននេះ​៕