ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី18 ខែ សីហា ឆ្នាំ 2022
ខណ្ឌមានជ័យ៖ មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា មានបទល្មើសលួច ឆក់ ប្លន់ កើតឡើងជាញឹកញាប់ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ តែម្ដង ដែលបទល្មើស ។ ទាំងនេះគឺកើតចេញពីបនល្បែងស៊ីសង បង្កប់នៅក្នុងទីតាំងអ៊ីនធើរណេត និងមាន់ទូរទស្សន៍អនឡាញ និងហ្គេមបាញ់ត្រី ហើយឥឡូវនេះ ក៏មានទីតាំងផ្ទះមួយកន្លែង កំពុងតែកត់ឆ្នោតវៀតណាមលេងយ៉ាងសប្បាយ ក្បែរវត្តដំបូងខ្ពស់ នៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងសប្បាយ។
ដូច្នេះហើយទើបប្រជាពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក វរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌ និងលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ទើបឡើងកាន់តំណែងថ្មី ជួយបើកការស្រាវជ្រាវ ឆ្មក់បង្ក្រាបទីតាំងខាងលើនេះផង និងដើម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕
ក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕