​នា​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស រួម​ជាមួយ​អនុប្រធាន​ក្រុមការងារ មន្ត្រី​ក្រុមការងារ​ក្រោម​ឱវាទ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈកម្មាធិការ​សាខា​បក្ស ប្រធាន​-​អនុប្រធាន អនុសាខា​បក្ស សកម្មជន គណបក្ស​ប្រជាជន​កម្ពុជា និង​យុវជន​(​សស​យក​) ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដែល​មាន​វត្តមាន​ចូលរួម​សរុប​ចំនួន​ជាង​៤០០​នាក់​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ​ផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ចែក ខោអាវ​កីឡា​សរុប​ចំនួន ៣,១៤៤​កំប្លេ​, បាល់​ចំនួន​៩០​គ្រាប់ ប្រគល់​ជូន​តាម ភូមិ និង​សាលារៀន ដើម្បី​យក​ទៅ​ចែកជូន​ដល់​កុមារ យុវ​សិស្ស ទាំងអស់​ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រែកកំពឹស ចាប់ពី​អាយុ ០២​ឆ្នាំ​ដល់​១៧​ឆ្នាំ ក៏ដូចជា​យុវ​សិស្ស​មក​ពី​មូលដ្ឋាន​ផ្សេងៗ ដែល​កំពុង​សិក្សា​តាម​បណ្តា​សាលារៀន​ក្នុង​សង្កាត់​ព្រែកកំពឹស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ព្រមទាំង​បាន​ចែក​ជូន​នូវជែល​លាង​សម្អាត​ដៃ​ចំនួន ៣,៤៤៦​ដប ជូន​តាម​គ្រួសារ​ទាំងអស់​ក្នុង​សង្កាត់​ព្រែក​កំពឹស ដោយ​ក្នុង​០១​គ្រួសារ​ទទួល​បានជែល​០២​ដប​។ ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់​រួមមាន នំ​ប៉ាវ ភេសជ្ជៈ និង​ទឹក​សុទ្ធ ចែកជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់​បរិភោគ រួម​ទាំង​ចែកជូន​ថវិកា​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​៣០,០០០​រៀល​គ្រប់ៗ​គ្នា ក្រោម​បរិយាកាស​រីករាយ ប្រកបដោយ មនោសញ្ចេតនា​ស្និទ្ធស្នាល​ក្រៃលែង ៕