​ភ្នំពេញ​ ៖​ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេរ​ភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សរុប​ចំនួន​៤៧៨​នាក់ ដោយ​មាន​ចូលរួម​ពី មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្ដាំផ្ញើ ដល់​នាយទាហាន នាយទាហានរង ដែល​ទទួលបាន​មុខតំណែង និង​ឋានន្តរសក្តិ​ថ្មី នាពេលនេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ច បទបញ្ជា​ទាំងឡាយ​ដែល​ថ្នាក់លើ​បានដាក់ចុះ​ឲ្យបាន​ល្អ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ និង​រួម​គ្នា​ពង្រឹង​ការងារ​សន្តិសុខ​សង្គម ទប់ស្កាត់​បង្កា​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ជាពិសេស​បន្ត​រួម​ចំណែក​អនុវត្ត បេសកកម្ម ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ត​ទៅ​មុខ​ទៀត​ដោយ​ឥត​រុញ​រា និង អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏ដូចជា​ការណែនាំ​នានា របស់​ក្រសួង​សុខាភិបាល នៅ​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​៕