(​ត្បូងឃ្មុំ​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​បន្ដ​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-16 ស្ថិត​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រោយពី​ទទួល​ភារកិច្ច ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៤៣ ទិវា​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្តួចផ្តើម និង​កៀងគរ​សប្បុរសជន ធ្វើ​ការសាងសង់​តំបន់​ប្រវត្តិសាស្ត្រ​នេះ ឲ្យក្លាយ​ជា​តំបន់​ទេសចរណ៍ តំបន់​មិត្តភាព​កម្ពុជា វៀតណាម ទីលាន​កីឡាបាល់ទាត់​ជាដើម​។​

​កន្លង​ទៅ​បាន​កសាង​រួចរាល់​ដូចជា សាលា​ដំណាក់ អគារ​វេទិកា បន្ទប់​អនាម័យ តារាង​បាល់ទាត់ ស្រះ​ទឹក ផ្លូវ ប្រព័ន្ធ​លូ បង្គោល​ភ្លើង បណ្ដាញ​អគ្គិសនី ដាំ​ដើមឈើ ។​ល​។ កំពុង​បន្ត​សាងសង់​អគារ​មិត្តភាព​កម្ពុជា វៀតណាម អាគារ​រដ្ឋបាល អគារ​ស្នាក់នៅ បន្ទប់​អនាម័យ ប្រាង្គ​ប្រសាទ​ព្រះអង្គ​គោកធ្លក ផ្លូវ​ក្រាល​កៅស៊ូ​ក៏​កំពុង​សាងសង់​ជិត​រួចរាល់​ផងដែរ​។​

​គួរ​ជម្រាប​ថា តំបន់​កោះ​ថ្ម ចំណុច​អាង​ដាច់ X16 គឺជា​ចំណុច​នៃ​ការចាប់ផ្ដើម​ដំណើរ​តស៊ូ​រំដោះជាតិ របស់​សម្ដេច​តេជោ ហ៊ុន សែន ឆ្ពោះទៅ​កាន់​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧៕