​នៅវេលា​ម៉ោង​ប្រមាណ ០២​និង​១៩​នាទី​យប់ ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ មាន​យុវជន​ក្លាហាន​ម្នាក់ បានធ្វើ​សកម្មភាព ចូល​ឆក់យក​កាបូប​លុយ​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ហូប​បបរស នៅ​ចំណុច​ហាង លឹម​ទ្រី ផ្លូវ​មុន្នី​វង្ស ខណ្ឌ​បឹង​កេងកង បានសម្រេច ហើយ​គេចខ្លួច​ទៅ​ដេក​ក្នុង​ផ្ទះ​យ៉ាង​រំភើយ អស់​ពេញ​មួយ​យប់ ស្រាប់តែ​ព្រឹក​ឡើង​មិនទាន់​ភ្ញាក់ពីដេក​ផង ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ដល់​ក្នុងផ្ទះ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុម​4 ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឫស្សីកែវ និង​បាន​ដកហូត​កាបូប​ជនរងគ្រោះ ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​គ្រប់​ចំនួន រួមមាន​ប្រាក់ ៤៧០​ដុល្លារ និង ៣១០០០​រៀល ទូរស័ព្ទ ០១​គ្រឿង ព្រម​ទាំង​សម្ភារៈ ឯកសារ​មួយចំនួន​ទៀត​។​

​ជនសង្ស័យ ឈ្មោះ ហៃ សា​ម៉ី ហៅ ប៉ាវ ភេទ​ប្រុស អាយុ​33​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕