ព្រឹក​ថ្ងៃ​ទី​១០​កុម្ភៈ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ និង​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ចាប់ពី​ថ្ងៃ​ទី​១០-១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២​នេះ​នឹង​មាន​ការចូលរួម​ពី​បណ្តា​វាគ្មិន​សំខាន់ៗ និង​អ្នកចូលរួម​មកពី​១៥៧​ប្រទេស ដើម្បី​ស្វែងរក​ក្តីសង្ឃឹម​ក្នុង​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ប្រកប​ដោយ​សន្តិវិធី​។​

​ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​សេ​អ៊ូ​ល (Seoul) សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួប​ជាមួយ ឯកឧត្តម មូន ចេ​-​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​។​ល​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​ជំនួប​ជាមួយ​ឯកឧត្តម បាន គី​-​មូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ឥស្សរជន​នយោបាយ និង​ធុរជន​ផ្សេង​ទៀត​ផង​ដែរ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ ជាពិសេស​មេរោគ​បំ​ប្លែងខ្លួន​ថ្មីៗ​អូ​មី​ក្រុង (Omicron) ដែល​អត្រា​ឆ្លង​កំពុង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។
​សូម​យកចិត្តទុកដាក់​ការពារ​ខ្លួន​ជា​ចាំបាច់ ក្នុងនោះ​ត្រូវ​មាន​ការកាត់បន្ថយ​ការជួបជុំ ឬ​ការប្រមូលផ្តុំ​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​អនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ​» ដើម្បី​សុវត្ថិភាព​សុខភាព​យើងទាំងអស់គ្នា​៕