នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៣​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ (AstraZeneca) ចំនួន​៣០​ម៉ឺន​ដូស ជា​ជំនួយ​របស់​ប្រទេស​ប៉ូឡូញ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។ ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផងដែរ​។

​សម្ដេច​តេជោ ហ៊ុន សែន មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដោយ​បាន​ចូលរួម​ជាមួយ លោកជំទាវ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​ទទួលយក​វា​ក់​សាំង​កូ​វីដ​-១៩ និង​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប៉ូឡូញ ដែល​បាន​ផ្ដល់​វ៉ាក់សាំង​កូវី​ដ​១៩ មក​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេលនេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​ចាត់ទុក​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជា​អាទិភាព​យុទ្ធសាស្ត្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ការជួយ​ចែករំលែក​វ៉ាក់សាំង​គ្នា ទៅវិញទៅមក និង​ជា​ហូរហែ ក្នុង​គោលដៅ​ពន្លឿន​ការចាក់​វ៉ាក់សាំង នៅ​ទូទាំង​សកលលោក ។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា ការចាក់​វ៉ាក់សាំង គឺជា​វិធានការ​គន្លឹះ ក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល និង​ការឈាន​ទៅ បញ្ចប់​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ និង​បើក​ដំណើរការ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ តាម​គន្លង​ប្រក្រតីភាព​ថ្មី ប្រកបដោយ​សុវត្ថិភាព ។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី ២០ ខែ​មករា ឆ្នាំ​២០២២ កម្ពុជា​អាច​គ្រប់គ្រង ការឆ្លង​រាលដាល កាត់បន្ថយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អត្រា​មរណភាព ឱ្យ​ស្ថិតនៅ​ក្នុង​កម្រិត​ទាប និង​អាច​រក្សាបាន​នូវ​ដំណើរការ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ជា​ធម្មតា ។ ទោះជា​យ៉ាងណា​ក៏ដោយ កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល បាន និង​កំពុង​ទទួល​រង​នូវ​ការឆ្លង រាលដាល​នៃ​មេរោគ​បំ​ប្លែងខ្លួន​ថ្មី ជាពិសេស ប្រភេទ​អូ​មី​ក្រុង (Omicron) ដែល​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មិន​មាន​ការភិតភ័យ និង​ស្លន់ស្លោ ។ ក្នុង​បរិការណ៍​នេះ ការចាក់​វ៉ាក់សាំង នឹង​នៅ​បន្ត​ជា​វិធានការ​គន្លឹះ ហើយ​ជំនួយ​វ៉ាក់សាំង​កូវី​ដ​-១៩ AstraZeneca របស់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ ប៉ូឡូញ​នាពេលនេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ។​

​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា កម្ពុជា និង​សាធារណរដ្ឋ​ប៉ូឡូញ គឺជា​មិត្ត​ចាស់ ដែល​មាន​ទំនាក់ទំនង​ការទូត តាំងពី ឆ្នាំ​១៩៦៧ ។ ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​កន្លងមកនេះ កម្ពុជា និង​ប៉ូឡូញ​បាន​រក្សា​ទំនង​ទំនង​ល្អ ទាំង​ផ្នែក​ការទូត អប់រំ សង្គម​-​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។

​កម្ពុជា​សូម​សម្តែង​នូវ​អំណរគុណ​ដល់​សាធារណរដ្ឋ​ប៉ូឡូញ ដែល​តែងតែ​ផ្ដល់ជំនួយ និង​ការគាំទ្រ​ដល់​កម្ពុជា ក៏ដូចជា​តំបន់ អាស៊ាន​ទាំងមូល ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន សម្រាប់​ឆ្នាំ​២០២២ កម្ពុជា បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ចំណងមិត្តភាព និង សាមគ្គីភាព​រវាង កម្ពុជា​-​ប៉ូឡូញ និង​អាស៊ាន​-​ប៉ូឡូញ ព្រមទាំង​រវាង​កម្ពុជា​-​សហភាព​អឺរ៉ុប និង​អាស៊ាន សហភាព​អឺរ៉ុប ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ និង​ស្អិតរ​មួ​ត​ថែម​ទៀត ។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅតែ​បន្ត​អំពាវនាវដ​ល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ Covid-19 ទាំងអស់គ្នា ត្រូវ​រៀន​រស់​តាម​បែប​គន្លង​ថ្មី ជា​ពិសេស​ការអនុវត្ត​វិធានការ​សុខាភិបាល​ឲ្យបាន​ជាប់​ខ្លួន​ជានិច្ច​៕