ភ្នំពេញ ៖ នាពេលខាងមុខនេះ បងប្អូនប្រជាពលរដ្ឋ និង អាជីវករផ្សារដើមគរ និងទទួលបាននូវស្ពានអាកាសថ្មើរជើង ដ៏ស្រស់ស្អាតថ្មីស្រឡាង ដែលនឹងមានភាពងាយស្រួល និងអាចកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ សម្រាប់អ្នកដំណើរថ្មើជើង ធ្វើដំណើរឆ្លងកាត់ពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀត ដែលខណៈពេលនេះ សំណង់នេះនឹងបញ្ចប់ការស្ថាបនា នាពេលឆាប់ៗខាងមុខនេះ ។
នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល គណៈអភិបាលនៃរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាស្ពានអាកាសថ្មើរជើងមុខផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនឹងសម្រេចបញ្ចប់ការស្ថាបនា នាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាជីវករផ្សារ ក្នុងការធ្វើដំណើរឆ្លងកាត់ពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀត និងបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមានឡើងជាយថាហេតុ ។
តាមការអោយដឹងពីអភិបាលរាជធានី ឯកឧត្តម ឃួង ស្រេង បានបន្ថែមឲ្យដឹងទៀតថា ដោយសារបច្ចុប្បន្ន ពលរដ្ឋជាង ៣ លាននាក់ ធ្វើការឆ្លងផ្លូវ ហើយបានជួបហានិភ័យខ្ពស់ ទើបមានការសាងសង់ ស្ពានថ្មើរជើងជាបន្តបន្ទាប់។
ស្ពានអាកាសថ្មើរជើង ចំណុចឈាងខាងលិចផ្សារដើមរគរ មានបណ្ដោយ ប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ ត្រូវបាន សម្រុកធ្វើទាំងយប់សម្រេចបាន ៩៥%គិតមកដល់បច្ចុប្បន្ន ដែលបានរៀបចំពិធីក្រុងពាលី ទៅតាមទំនៀម ទំលាប់បែបសាសនា បញ្ចុះបឋមសិលាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ៕