ខេត្ត​កំពង់ចាម ៖ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​សម្រាប់​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន​លើ​បច្ចេកទេស​ក្នុងការ​បង្រៀន​តាម​បែប​ថ្មី ដើម្បី​លើកកម្ពស់​ការអប់រំ​បែប​ឌីជីថល សម្រាប់​ការរៀន និង​បង្រៀន ដែល​ជា​តម្រូវការ​ដ៏​ចាំបាច់​ខណៈ​ដែល​គ្រឹះស្ថានសិក្សា​នានា​ត្រូវបាន​បិទទ្វារ ស្រប​តាម​តាម​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល ។

​កាលពី​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​អមដំណើរ ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​សម្រាប់​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន​លើ​បច្ចេកទេស​ក្នុងការ​បង្រៀន​តាម​បែប​ថ្មី ដើម្បី​លើកកម្ពស់​ការអប់រំ​បែប​ឌីជីថល​។

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការរៀន និង​បង្រៀន​ពី​ចម្ងាយ ព្រមទាំង​បាន​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម និង​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្តកំពង់​ចាម​៕