នៅ​ព្រឹក ថ្ងៃ​អង្គារ ៩​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ជួបពិភាក្សា​ការងារ​នៅ​ភូមិគ្រឹះ​ក្រុង​តាខ្មៅ​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម Masahiro Mikami បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន ដែល​ក្នុងនោះ​មាន​លើ​វិស័យ​សុខាភិបាល ដែល​ជប៉ុន​បាន​ផ្ដល់​វ៉ាក់សាំង Astrazeneca មកដល់​កម្ពុជា​ហើយ​ចំនួន​៣០​ម៉ឺន​ដូស និង​ការត្រៀម​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​យើង​ជា​បន្ត​ទៀត​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នៅពេល​ខាងមុខ​នេះ​។ ទាក់ទង​ទៅនឹង​វិស័យ​ការពារ​ជាតិ ឯកឧត្តម Masahiro Mikami បាន​ជម្រាបជូន​សម្តេច​តេ​ជោថា ឆ្នាំ​២០២២ គឺជា​ខួប ៣០​ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព​(PKO) ហើយ​ជប៉ុន​នឹង​ត្រៀម​បញ្ជូន​នាវា​ស្វ័យការពារ​ជើង​ទឹក​មក​ចុះចត​នៅ​កម្ពុជា ហើយ​ក៏​នឹង​អញ្ជើញ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ។

​ទាក់ទង​ទៅនឹង​វិស័យ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាស៊ាន ឯកឧត្តម Masahiro Mikami បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា ជប៉ុន​បាន​ផ្ដល់​រថយន្ត​មួយចំនួន​ជូន​ដល់​ក្រសួងការបរទេស និង​ផ្តល់​នូវ​សម្ភារៈ​មួយចំនួន​ដែរ ហើយ​ជប៉ុន​ក៏​នឹង​ត្រៀម ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​លើ​ការគាំទ្រ​ដល់​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នាពេលខាងមុខ​។
​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម Masahiro Mikami ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ​លើ​ការគាំទ្រ​របស់​ជប៉ុន​ធ្វើ​យ៉ាងណា​ជំរុញ​កំពង់ផែ​ក្រុងព្រះសីហនុ​ឲ្យទៅ​ជា​កំពង់ផែ​ស្នូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​នា​រយៈពេល​កន្លងមក ជាពិសេស​ថ្មីៗ​នេះ​ដែល​បាន​ជួយ​លើ​ការផ្ដល់​វ៉ាក់សាំង​កូវី​ដ​១៩ មកដល់​កម្ពុជា និង​ជំនួយ​ដទៃ​ទៀត​ជា​បរិក្ខា​ផ្សេងៗ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​។
​សម្ដេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ផងដែរ​ចំពោះ​ការផ្ដល់​ជារថយ​ន្ត ការផ្ដល់​ជា​សម្ភារៈ កិច្ចសហប្រតិបត្តិការ​ក៏ដូចជា​ការគាំទ្រ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ទទួលបាន​នូវ​ភាព​ជោគជ័យ​នៃ​កិច្ចប្រជុំ​អាស៊ាន​នាពេលខាងមុខ​។

​ចំពោះ​ការអញ្ជើញ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន និង​ការចូល​ចត​នូវ​នាវា​ស្វ័យការពារ​ជើង​ទឹក​នៅ​កម្ពុជា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ស្វាគមន៍ និង​បាន​មានប្រសាសន៍ថា ក្នុង​ខួប​៣០​ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព​(PKO) នៅ​ឆ្នាំ​២០២២ ខាងមុខនេះ យើង​គប្បី​ណា​ធ្វើ​ខួប​នេះ​ឱ្យ​ក្លាយទៅជា​ការពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ការពារ​ជាតិ ៕