នៅ​រាត្រី ថ្ងៃអាទិត្យ ៧​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង Pfizer ចំនួន​៧៨៣,០០០​ដូស ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី (​ជំនួយ​សរុប​ប្រមាណ​ជាង ២.៣៥​លាន​ដូស​) នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាន​អូស្ត្រាលី ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​ដល់​ប្រទេស​កម្ពុជា​នា​ពេល​នេះ​។ សម្តេច​តេជោ បាន​លើកឡើង​ថា វ៉ាក់សាំង​ដែល​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​នៅ​រាត្រី​ថ្ងៃនេះ មាន​ចំនួន ៧៨៣,០០០​ដូស ហើយ​ចំនួន ១,៥៦៧,៥៣០​ដូ​សទៀត នឹង​ដឹក​មកដល់​ថ្ងៃទី​២៨ ខែ​ធ្នូ​។​

​សម្តេច​តេជោ​បាន​ថ្លែងថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យ៉ាង​ច្បាស់​ថា មានតែ​វ៉ាក់សាំង​ទេ ទើប​អាច​យកឈ្នះ​ជំងឺ​នេះ​។ សម្តេច​បាន​សារ​បន្តថា ទោះបីជា​ពិភពលោក​កំពុង​មាន​វត្តមាន​មេ​រោគកូ​វីដ​១៩ បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ក៏​កម្ពុជា​មិន​មាន​ការបារម្ភ​ដែរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឱ្យ​កីឡាករ​ការ៉ាត់តេដូ ២​រូប ដែល​ទើប​មកពី​ប្រកួត​នៅ​ប្រទេស​កា​ហ្សាក់​ស្តង់ អាច​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​ព្យាបាល​កូវី​ដ​-១៩ ខណៈ​ដែល​ពួកគេ​ត្រូវ​ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​បាក់​ទូក ។ ដូច្នេះ​សម្តេច​បាន​អំពាវនាវ​ឲ្យ​សិស្ស​នៅ​មណ្ឌល​បាក់​ទូក​កុំ​មាន​ការភ័យខ្លាច ព្រោះ​ខាង​ក្រសួង​អប់រំ ក៏ដូចជា​ក្រសួង​សុខាភិបាល​បាន​រៀបចំ​ពួកគេ​ឲ្យ​ប្រឡង​នៅ​ដាច់​ដោយឡែក​ហើយ​។

​សម្តេច​តេជោ​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅថ្ងៃនេះ កម្ពុជា​រកឃើញ​វិជ្ជមាន​ជំងឹ​កូវី​ដ​១៩ ចំនួន​១៥​ករណី ដែល​១៥​ករណី​នេះ​ជា​ករណី​នាំចូល ហើយ​សុទ្ធសឹងតែ​ជា​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​មាន​ការភិតភ័យ​ជាមួយ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង ប៉ុន្តែ​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ដោយ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​៕