ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍ លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ​សាខា រួម​ជាមួយ​អនុសាខា​ស្រុក​កងមាស បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ចំនួន​៦៣​គ្រួសារ នៅក្នុង​ស្រុក​កងមាស និង​ប្រគល់​ផ្ទះ​០១​ខ្នង ដែលជា​អំណោយ​របស់​ឯកឧត្តម​ផ្ទាល់ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​១​គ្រួសារ នៅ​ឃុំ​ពាមជីកង ស្រុក​ង​មាស ។​

​ក្នុងឱកាស​នោះ ឯកឧត្តម បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា ជាពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច តែងតែ​មាន​សេចក្ដី​បារម្ភ និង​គិតគូរ​អំពី​សុខទុក្ខ ការលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប និង​ក្នុង​គ្រប់​ស្ថានភាព គ្រប់​កាលៈទេសៈ ពិសេស​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ដោយ​មិន​រើសអើង​ឡើយ​។ យ៉ាងណាម៉ិញ ពេលនេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​ឲ្យ​រូប​ឯកឧត្តម​ផ្ទាល់ និង​សហការី ចុះ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ការលំបាក​របស់​បងប្អូន​នាពេលនេះ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​សាច់ញាតិ ជា​ពលករ ពលកា​រី​នី​ដែល​ទើបនឹង​វិល​ត្រឡប់​មកពី​បរទេស សូម​បន្ត​យកចិត្តទុកដាក់​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ និង​តាមដាន​សុខភាព​ពួក​គាត់​ជាប់​ជាប្រចាំ និង​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ក្នុងករណី​សង្ស័យ​ណាមួយ និង​សូម​បន្ត​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការបន្ត​ចូលរួម​បង្ការ ទប់ស្កាត់​ហានិភ័យ នៃ​ការឆ្លង​ជម្ងឺ​កូវី​ដ​១៩ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស ឬ​ភ្លេចខ្លួន​នោះឡើយ​។ សូម​បងប្អូន ថែទាំ​សុខភាព រក្សា​អនាម័យ ការរក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដើម្បី​ជៀសផុត​ពី​ការឆ្លង​នៃ​ជម្ងឺ ដ៏​កាច​សាហាវ​មួយ​នេះ​។ ដោយឡែក​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ចុះ​អប់រំ ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អំពី​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ និង​ជម្ងឺឆ្លង​ផ្សេងៗ​ដូចជា ជម្ងឹគ្រុនឈាម គ្រុនចាញ់ ជាដើម​។ ជាមួយគ្នានេះ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្តទុកដាក់​ត្រៀម​បម្រុង ឆ្លើយតប​គ្រោះមហន្តរាយ​នានា​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​។​

​ចំពោះ​អំណោយ​ចែកជូន​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ ០១​យួរ ទឹកត្រី ០១​យួរ ត្រីខកំប៉ុង ០១​យួរ ម៉ាស់ ០៥​បន្ទះ អាវយឺត ០២ ថវិកា​២០.០០០​រៀល​។ ដោយឡែក គ្រួសារ​ដែល​ទទួល​ផ្ទះ ទទួលបាន​អង្ករ ៥០​គី​ឡូ សម្ភារៈ​ប្រើប្រាស់​មួយចំនួន​៕