ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​មណ្ឌល​យុវនីតិសម្បទា ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​ទីតាំង​នៅ ឃុំ​បា​គូរ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ក្រោម​អធិបតីភាព ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​មណ្ឌល​នេះ​នឹង​គ្រោង​ដាក់​ម្ភោ​ធដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​ស្នើ​ដល់ ក្រុម​ការងារ​ទាំង​៤ រួមមាន​៖ ក្រុមការងារ​រៀបចំ​ខ្លឹមសារ ក្រុមការងារ​ពិធីការ និង​បដិសណ្ឋារកិច្ច ក្រុម​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និង​ក្រុមការងារ​ហិរញ្ញវត្ថុ ត្រូវអនុវត្ត​ការងារ​ដែល​បាន​ប្រគល់​ជូន​តាមរយៈ​សេចក្តីសម្រេច ឱ្យមាន​ប្រសិទ្ធភាព ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ត្រូវមាន​កិច្ចសហការ​រវាង​គ្នា​និង​គ្នា​ឱ្យ​ល្អ​ប្រសើរ សំខាន់​ត្រូវ​សម្របសម្រួល ដោះស្រាយ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ឱ្យទាន់​សភាពការណ៍ សំដៅ​ធ្វើឱ្យ​ពិធី​សម្ពោធ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​

សូមជម្រាបថា​៖ មណ្ឌល​យុវនីតិសម្បទា​នេះ​មាន​៩២​បន្ទប់ សង់​លើ​ផ្ទៃ​ដី​ជាង​៥​ហិតា ហើយ​ជា​មណ្ឌល​ទី​១ នៅ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង អនុលោម​តាម​ច្បាប់​យុត្តិធម៌​អនីតិជន ដើម្បី​ផ្ទេរ​អនីតិជន​ល្មើស​ច្បាប់​អាយុ​ក្រោម ១៨​ឆ្នាំ ចេញពី​ពន្ធនាគារ​មក​រស់នៅ ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​ផ្សេង ដាច់ដោយឡែក​ពី​អ្នក​ល្មើសច្បាប់​ដែល​មាន​អាយុ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​។​