​ខេត្ត​កណ្តាល​៖ ​នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ដី​ឥដ្ឋ បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​មានការ​អមដំណើរ​ឯកឧត្តម​ម៉ៅ​ភិរុណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល​.​ឯកឧត្តម​គង់​សោភ័ណ្ឌ​អភិបាលខេត្តក​ណ្តា​ល​.​លោក​ឧត្តមសេនីយ៍ទោឈឿ​ន សុ​ចិត្ត​ស្នងការ​ខេត្ត​កណ្តាល​។​
​លោក​ជា​ប៊ុនធឿន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​.​លោក​អ៊ូ​ឈាង​អភិបាលស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​។​

គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ស្ថានទូត​ទាំងពីរ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រួម​មាន​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Antony Maguire ទីប្រឹក្សា សម្របសម្រួល​ការងារ​នគរបាល​នៃ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សហការី​ជាច្រើនរូប​ទៀត​។
ជាមួយគ្នានេះដែរ​ ក៏​មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ពី រដ្ឋលេខាធិការ​, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​, អគ្គលេខាធិកាដ្ឋាន ក្រសួងមហាផ្ទៃ​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រុមប្រឹក្សា អភិបាលខេត្ត​កណ្ដាល ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ព្រមទាំង​អ្នកពាក់ព័ន្ធ​ផងដែរ​។​

ក្នុងឱកាស​បំពេញ​ទស្សនកិច្ច នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​រដ្ឋបាល​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​កោតសរសើ​រ និង​មោទកភាព ក្រោយ​ដាក់ចេញ​នូវ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​បាន​ផ្តោត​លើ​គ្រប់​បញ្ហា​ទាំងអស់ ដែល​អាច​ចាត់ទុកជា​ផែនទី​បង្ហាញផ្លូវ​មួយ សម្រាប់​ឱ្យ​ប៉ុសិ៍្តនគរបាល​រដ្ឋបាល ជាពិសេស​នោះ សម្រាប់ មេឃុំ​-​ចៅសង្កាត់ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន ដូច្នេះហើយ​ទើប​ស្ថានភាព​នៅ​ក្នុង​មូលដ្ឋាន​មាន​ភាពល្អប្រសើរ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

ក្រោយ​បញ្ចប់​ទស្សនកិច្ច នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ដីឥដ្ឋ​រួចមក សម្ដេច​ក្រឡាហោម ស ខេង រួម​និង​គណៈប្រតិភូ​នៃ​ស្ថានទូត​អាល្លឺម៉ង់ និង​អូស្ដ្រាលី ព្រមទាំង​ប្រតិភូ​ម​អមដំណើរ ក៏​បាន​បន្ដ​ធ្វើ​ដំណើ​រទ​ស្សន​កិច្ច នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ក៏​បាន​ធ្វើ​សេចក្តី​រាយ​ការជាប​ទ​បង្ហាញ​សង្ខប​ជូន សម្ដេច​ក្រឡាហោម និង​អង្គពិធី​ទាំងមូល​ថា បណ្ឌិត្យសភា​នគរបាល​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ និង​មាន​រចនាសម្ព័ន្ធ រួមមាន វិទ្យាស្ថាន មជ្ឈមណ្ឌល សាលា​នាយកដ្ឋាន ចំនួន​១១​ចំណុះ និង​សាលា​នគរបាល​ជាតិភូមិ​ភាគ ចំនួន​៦ ស្ថិតនៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​បន្ដថា បណ្ឌិត្យសភា​នគរបាល​កម្ពុជា មាន​ភារកិច្ច​សំខាន់ៗ​ចំនួន​២ គឺ ៖ ធ្វើការ​បណ្ដុះបណ្ដាល​មន្ដ្រី​នគរបាល​ជាតិ​នៅ​ទូទាំង​ប្រទេស ធ្វើការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​នគរបាល​លើ​វិស័យ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ ក្នុងឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង និង​គណៈប្រតិភូ ក៏​បាន​អញ្ជើញ​ទស្សនកិច្ច និង​ត្រួតពិនិត្យ​មើល​ពី​សកម្មភាព​ហ្វឹកហ្វឺន​របស់​សិក្ខាកាម​ន​គរ​បាល​ជាតិ​ដែល​កំពុង​អនុវត្ត​ហ្វឹកហ្វឹន​នៅក្នុង​បរិវេណ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផងដែរ​។​

បន្ទាប់មកទៀត សម្ដេច​ក្រឡាហោម ស ខេង និង​គណៈប្រតិភូ​នៃ​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​ស្ថានទូត​អូស្ដ្រាលី ព្រមទាំង​ប្រតិភូ​អមដំណើរ​បាន​បន្ត​ធ្វើ​ដំណើ​រ​បំពេញ​ទស្សនកិច្ច​បន្ថែម​ទៀត​នៅ​ការិយាល័យ​ច្រក​ចេញ ចូល​តែ​មួយ​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​
​ក្នុង​ពិធី​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​មាន​ប្រា​សាសន៍​ថា ទាក់ទង​នឹង​ការបង្កើត​ច្រកចេញចូល​តែ​មួយ​នេះ គោលបំណង​ធំ​បំផុត គឺ​ដើម្បី​ឆ្លើយតប​តាម​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បីឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង ដោយ​បង្ក​លក្ខណៈ​ងាយស្រួល ដោយ​មិន​ប្រើ​រយៈពេល​យូរ​ក្នុង​ការទទួលបាន​នូវ​ព័ត៌មាន​រហ័ស ការផ្តល់​សេវា​រដ្ឋបាល​រហ័ស និង​មាន​តម្លាភាព​។​

សម្ដេច​ក្រឡាហោម បាន​បន្ដថា ដោយ​បច្ចុប្បន្ន​ក្រសួងមហាផ្ទៃ កំពុង​ពិនិត្យ​លទ្ធភាព ដើម្បី​បង្កើត​ច្រកចេញចូល​តែ​មួយ​បន្ថែមទៀត នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ សម្ដេច​ក្រឡាហោម មានប្រសាសន៍​បញ្ជាក់​ថា បើ​ករណី​ច្រកចេញចូល​តែ​មួយ​នេះ បម្រើ​ពលរដ្ឋ​មិនបាន​ល្អ នៅ​មាន​ការិយាល័យ​ទទួល​ពាក្យបណ្តឹង ឬ​ការិយាល័យ​ប្រជាពលរដ្ឋ មួយទៀត ដែល​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ក្នុងករណី​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​នេះ​មិន​អាច​ឆ្លើយតប​និង​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។​

លើសពីនេះ​ទៀត សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បញ្ជាក់បន្ថែម​ថា បើ​តាម​របាយការណ៍ មកដល់ពេលនេះ ការិយាល័យ​ច្រក​ចេញចូល​តែមួយ មាន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ចាម និង​បាត់ដំបង ត្រូវបាន​ដាក់​គ្រប់​ស្រុក​ទាំងអស់​រួចរាល់​ហើយ​៕