កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣(#ASEM13) ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ បាន​បិទ​បញ្ចប់​ហើយ​ព្រលប់​ថ្ងៃ​សុក្រ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ជាមួយ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​គួរ​ជាទី​មោទនភាព​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប រយៈពេល​ពីរ​ថ្ងៃ​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​នៅ​អាស៊ី និង​អឹរ៉ុប ជា​ប្រធានាធិបតី នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ៥១​រូប និង​មន្ត្រីជាន់ខ្ពស់​របស់​សហ​ភាព​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន បាន​ជជែក​និង​ផ្លាស់ប្តូរ​យោបល់ និង​ទស្សនៈ​គ្នា​យ៉ាង​ផុលផុស​។​
​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​ទៅលើ​ប្រធាន​សំខាន់ៗ​ចំនួន​ដូចជា​៖ កិច្ចពិភាក្សា​ស្តី​តួនាទី​របស់​អាស៊ី​-​អឺរ៉ុប ក្នុង​ការលើកកម្ពស់​ពហុភាគី​និយម​, បញ្ហា​ជំងឺ​កូវី​ដ​១៩ ការស្តារ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​បញ្ហា​តំបន់​អាស៊ី​-​អឺរ៉ុប ក៏ដូចជា​បញ្ហា​អន្តរជាតិ និង​តំបន់ និង​ការកសាង​អនាគត​ប្រកបដោយ​ភាព​ធន់​។​

​ក្នុង​សុន្ទរកថា​បិទ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៣​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​គូស​រំលេច​ថា កម្ពុជា​ពិតជា​មាន​មោទនភាព​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ នៅ​ក្នុង​កាលៈទេសៈ​ដែល​យើង​កំពុង​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​បញ្ហា​ប្រឈម ក្នុង​តំបន់ និង​សកល ជាច្រើន​ផ្សេង​ទៀត​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​កំពូល ASEM លើក​ទី ១៣ បាន​ផ្តល់​ឱកាស​ដ៏​ពិសេស និង​ទាន់​ពេល​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស និង​ស្ថាប័ន​ដៃគូ ASEM បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួម​គ្នា ក្នុង​ការលើកកម្ពស់​សន្តិភាព និង​សន្តិសុខ ព្រមទាំង​ផ្តល់​នូវ​ដំណោះស្រាយ​ជាក់ស្តែង ទៅលើ​បញ្ហា​ប្រឈម​តំបន់ និង​សកល នាបច្ចុប្បន្ន ដូចជា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​សុវត្ថិភាព និង​សុខភាព​សាធារណៈ ភាព​មាន​ការងារ​ធ្វើ​របស់​យុវជន ការប្រែប្រួល​អាកាសធាតុ ការកែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អំពើ​ភេរវកម្ម និង​បញ្ហា​សន្តិសុខ​តំបន់ និង​សកល ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។​

​កិច្ចប្រជុំ​កំពូល​នេះ ក៏បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ឯកសារ​លទ្ធផល​សំខាន់ៗ ចំនួន ៣​រួមមាន​៖
(១) សេចក្តីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ​កំពូល ASEM លើក​ទី​១៣
(២) សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្តី​ពី​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩
(៣) ឯកសារ​សកម្មភាព​អនាគត ស្តី​ពី​ការតភ្ជាប់ ASEM​។​
​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល បាន​គូសបញ្ជាក់ថា ឯកសា​រទាំង ៣​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញា​ចិត្ត​សាមគ្គីភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​យ៉ាង​មោះមុត​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស និង​ស្ថាប័ន​ដៃគូ​ASEM ទាំងអស់ ក្នុង​ការចូលរួម​ពង្រឹង​ពហុភាគី​និយម ដើម្បី​អនាគត​នៃ​ភាព​ជា​ដៃគូ​អាស៊ី​-​អឺរ៉ុប កាន់តែ​ប្រសើរ​ឡើង កាន់តែ​រឹងមាំ ប្រកប​ដោយ​បរិយាប័​ន្ន និង​មាន​ភាព​ធន់​។​
#ASEM13 #Cambodia
​ខាងក្រោម​នេះ ជា​សុន្ទរកថា​សម្តេច​តេជោ ហ៊ុន សែន បិទ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​៖