នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ អតីត មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម ដែល​នាំមុខ​ដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាននាំគ្នា​ទៅ​សួរ សុខទុក្ខ លោក ជា សុខុន ជា​អតីត​មិត្ត​រៀន​សាលា​បាក់​ទូក​រួម​ជំនាន់​ជាមួយគ្នា ដែល​មាន​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន​គឺ កក​ខ្លាញ់​ក្នុង​ស​សៃឈាម​បេះដូង ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដោយ​វះកាត់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ហៅ ពេទ្យ​១៧៩​។​

​ជាក់ស្តែង​លោក ជា សុខុន ដែល​ធ្លាក់ខ្លួន​ឈឺ​នាពេលនេះ​គឺ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ព្រួយបារម្ភ​ពី​មិត្ត​ប្រកបដោយ​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ ហើយ មិត្តភក្តិ​ម្នាក់ៗ បានរួម​គ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន តាម​លទ្ធភាព​សរុប​បាន​ថវិកា​ចំនួន​១២​លាន​រៀល ស្មើនឹង ៣,០០០​ដុល្លារ ភេសជ្ជៈ​ចំនួន​១០​កេស និង​ផ្លែឈើ​១​កន្ត្រក ប្រគល់ជូន​លោក ជា សុខុន ទុក​ជា​ការជួយ​សម្រាល​បន្ទុក​ព្យាបាល​ដល់​គ្រួសារ​លោក​ផងដែរ​។​

​កាយវិកា យកចិត្តទុកដាក់​ព្រួយបារម្ភ​ពី​មិត្តភក្តិ​របស់ អតីត​សិស្ស​សាលា​បាក់​បាក់​ទូក​មួយ​ក្រុម​នេះ គឺ​តែងតែ​ធ្វើឡើង​ជា​ញឹកញាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តាមរយៈ​ការ​ចងក្រង​ជា​ក្រុម ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​WhatsApp មាន​ចំនួន​ជាង​200​នាក់ ក្រោម​ការផ្តួចផ្តើម​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បី​ធ្វើ​ការទំនាក់ទំនង​សួរសុខទុក្ខ​គ្នា ផ្តល់​កម្លាំងចិត្ត​ឲ្យ​គ្នា និង​ជួយ​គ្នា ទៅវិញទៅមក ជាពិសេស​គឺ​រួមគ្នា បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​កសាង​សមិទ្ធិផល​ក្នុង​សាលា ជូន​ដល់​អតីត លោកគ្រូ​អ្នកគ្រូ ក្នុងឱកាស​ជួបជុំគ្នា​ក៏ដូចជា​ពេល​ពួកគាត់​ជួប​ទុក្ខលំបាក និង​បរិច្ចាគ​ធនធាន​ជួយ​គ្រប់​មិត្ត​ដែល​មាន​ទុក្ខ​លំបាក ហើយ​ខ្វះ​លទ្ធភាព​ដោះស្រាយ រហូត​ក្លាយទៅជា វប្បធម៌ សាមគ្គី​មួយ សម្រាប់​ពួកគាត់ ក្នុង​ការរួបរួម យកចិត្តទុកដាក់​ជួយ​គ្នា​គ្រប់ពេល​មាន​ទុក្ខ​លំបាក និង​បង្កើតបាន​ជា ពាក្យស្លោក​ប្រចាំ​ក្រុម​មួយ​ថា “​សាមគ្គី មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក ” ៕
#PhnomPenhGRK