(​កំពង់ចាម​)៖ លោក ហ៊ុន ណេង អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ស្ទឹងត្រង់ បាន​ចាត់​ឲ្យ​លោក សោ សាវឿន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ព្រែកកក់ នាំយក​អំណោយ​ប្រគល់ជូន​ប្រជាពលរដ្ឋ​៣០​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​។​

​ក្នុង​ដំណើរ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ លោក សោ សាវឿន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ទាំង​៣០​គ្រួសារ​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​ប្រជាពលរដ្ឋ​ជួប​ការលំបាក ដែល​ទទួលបាន​អំណោយ​នា​ឱកាស​នោះ រួមមាន​៖ អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, ម៉ាស់​១​ដុំ​, អាល់​កុល​១​ដប​, ថវិកា​១០០,០០០​រៀល​។ ក្នុងនោះ ជូន​ក្រុមការងារ​ឃុំ​ថវិកា ៣០០,០០០​រៀល ព្រមទាំង​ម៉ាស់ និង​អាកុល​មួយចំនួន​ផង​ដែរ​, ឧបត្ថម្ភ​ភ្នាក់ងារ​សង្កេតការណ៍​យុវជន (​សស​យក​) ថវិកា​ចំនួន​៣,០០០,០០០​រៀល​។​

​បន្ថែម​ពី​នេះ លោក សោ សាវឿន បាន​ដឹកនាំ​ក្រុមការងារ​បន្តដំណើរ​ទៅសួរសុខទុក្ខ និង​នាំយក​ថវិកា​ចំនួន​១,០០០,០០០​រៀល ជូន​លោក អ៊ាត គឹម​លាង មេឃុំ​ដែល​កំពុង​សម្រាក់​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​ស្ថិតនៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​៕