​ភ្នំពេញ​ ៖ ​នា​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Online (Google Meet) ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច​លេខ​១ ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នាពេលនេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្សព្វផ្សាយ ដល់​នាយទាហាន តាម​បណ្តា​អង្គភាព ដែល​ចូលរួម​ប្រជុំ​ទាំងអស់ ត្រូវ​ផ្តោតជាសំខាន់​លើ​ការងារ​ស្នូល​របស់​កងរាជអាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ សំដៅ​ដល់​ការ ពង្រឹង​សន្តិសុខ​សង្គម រក្សា​សណ្តាប់​សាធារណៈ ជួយ​ដល់​ពលរដ្ឋ​ទន់ខ្សោយ រួម​នឹង​ការងារ ដែល​ត្រូវ​អនុវត្ត​មួយចំនួនទៀត ព្រមទាំង​បាន​ណែនាំ​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ប្រើប្រាស់​រថយន្ត​ជ្រក​ក្រោម​ស្លាក​លេខ​ខេមរភូមិន្ទ និង​រថយន្ត​គ្មាន​ពន្ធ​និង​អាករ​នាំចូល ត្រូវ​អនុវត្ត​ឲ្យបាន​ជា​ដាច់ខា​ត​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋាភិបាល និង​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​ពិសេស​ត្រូវ​អនុវត្ត​ឲ្យបាន​គ្រប់គ្នា នូវ​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាន​ក្រើនរំលឹក​ដល់​សមាជិក​ទាំ​ង​អស់ ឲ្យ​បន្ត​ចូលរួម បង្កា ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ស្រប​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល និង អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​៕