នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ សម្រាប់​អ្នកមាន​អាយុ ៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនាការ​ចាក់​សម្រាប់​កុមារ​មាន​អាយុ ៥​ឆ្នាំ​។​

​ការប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង​នៅថ្ងៃនេះ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​ជោគជ័យ​ដ៏​ត្រ​ជះ​ត្រចង់​របស់​កម្ពុជា​លើ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​ផងដែរ​។ កម្ពុជា ក៏​ដូចជា​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ផងដែរ បាន​រង​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ជា​បន្ត​បន្តាប់​។​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​បើក​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ជាមួយ​ជំងឺឆ្លង​សាកល​នេះ ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​គិត​ត្រឹម​ថ្ងៃ​៣១ ខែតុលា ២០២១ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​-១៩ បាន​១០​លាន ៨៨​នាក់ រួចហើយ គឺ​ស្មើនឹង​ជាង​១០០% នៃ​ប្រជាពលរដ្ឋ​១០​លាន​នាក់​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​។ នេះ​ជា​ជោគជ័យ​ធំធេង​ណាស់​នៅក្នុង​ក្របខ័ណ នៃ​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​យើង​។ ទោះបី​យើង​ចាក់​វ៉ាក់សាំង​បាន​ជាង​១០​លាន​នាក់ ស្មើនឹង​ជាង​១០០% នៃ​ចំនួន​គ្រោង​ដំបូង​ក៏ដោយ​ក៏​យើង នៅ​មាន​ប្រជាជន​រាប់​ម៉ឺន​នាក់​ទៀត​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ដែល​យើង​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ឱ្យ បាន​គ្រប់ៗ​គ្នា​។​

​ក្រៅ​ពី​ប្រជាជន​ដែល​មាន​អាយុ​១៨​ឡើង​ចំនួន​ជាង​១០​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​យើង​ក៏​បាន​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​អាយុ​១២ ទៅ​១៨​ឆ្នាំ បាន​ចំនួន​១.៧៨៨.៨០២​នាក់​ដែល​ស្មើនឹង​៩៧.៨៩% និង​កុមារ​អាយុ​ពី​៦​ដល់​១២​បាន​ចំនួន​១.៩២០.៥៩៩​នាក់​ស្មើនឹង​១០១.២២%​។ គិត​សរុប​យើង​បាន​ចាក់​វ៉ាក់សាំង​ជូន​ជនរួមជាតិ​យើង ចំនួន​១៣.៧០៩.៤៨៧​នាក់​ស្មើរ​នឹង​៨៥.៦៨%​នៃ ប្រជាជន​សរុប​១៦​លាន​នាក់​៕